(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣​នេះ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានចូលរួមក្នុងការប្រកួតវាយកូនហ្គោលអបអរសាទរ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបានចប់អាណត្តិបេសកកម្មការទូតរយៈពេល ៥ឆ្នាំនៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកអគ្គរដ្ឋទូត Sudirman Haseng សម្រាប់បេសកកម្មដ៏ជោគជ័យនៅកម្ពុជាក្នុងឋានៈជាទូតកំពូលរបស់ឥណ្ឌូនេស៊ីអស់រយៈពេលជិត ៥ ឆ្នាំ។

លោកបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ឯកអគ្គរដ្ឋទូត Haseng បានពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេស និងប្រជាជនយើងទាំងពីរ។ យើងនឹងនឹកឯកអគ្គរដ្ឋទូត Haseng និងលោកជំទាវ ហើយសូមជូនពរឯកអគ្គរដ្ឋទូត និងលោកជំទាវ មានសុខភាពល្អ សុភមង្គល និងវិបុលភាព។

ការប្រកួតវាយកូនហ្គោលលាគ្នាថ្ងៃនេះ ប្រព្រឹត្តិទៅនៅ Garden City Golf Club រៀបចំដោយ INDOCHAM ដើម្បីជាកិត្តិយសដល់ឯកអគ្គរដ្ឋទូត Haseng និងជាសក្ខីភាពនៃមិត្តភាព និងភាពជាដៃគូរបស់យើង។ យើងខ្ញុំក៏សូមគោរពជូនពរដល់សហគមន៍ឥណ្ឌូនេស៊ីជាទីគោរពរបស់យើងនៅកម្ពុជាក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២៣ ប្រកបដោយសុខភាពល្អ ជោគជ័យ និងរុងរឿង៕