(ភ្នំពេញ)៖ នៅឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងពិចារណាក្នុងការបន្ថយពន្ធលើមុខទំនិញសម្រាប់ប្រើប្រាស់ថ្ងៃ និងទំនិញបម្រើដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) វិស័យផលិតកម្ម និងវិស័យកសិឧស្សាហកម្ម ដើម្បីកាត់បន្ថយបន្ទុកពន្ធ ឬបន្ទុកចំណាយរបស់ពលរដ្ឋ និងសហគ្រាសធុនតូច និងមធ្យម រួមទាំងវិស័យផលិតកម្ម និងកសិឧស្សាហកម្ម ដែលជាវិស័យអាទិភាព បើទោះបីរដ្ឋត្រូវបានបាត់បង់ចំណូលពន្ធគយមួយចំនួន ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាក៏ដោយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពន្យល់ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងតែជួបការលំបាក និងកំពុងស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋនឹងពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយបន្ទុកពន្ធលើមុខទំនិញ ប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ មានដូចជាម្ហូប អាហារ របស់របរប្រើប្រាស់មួយចំនួន ព្រោះបន្ទុកពន្ធចុងក្រោយបំផុត គឺធ្លាក់បន្ទុកទៅលើអ្នកប្រើប្រាស់ទាំងអស់គ្នា ជាអ្នកបង់ពន្ធ ។
ទន្ទឹមគ្នានេះ ក្រុមទំនិញដែលបម្រើឱ្យវិស័យ SME វិស័យផលិតកម្ម និងកសិឧស្សាហកម្ម គយក៏នឹងពិចារណាក្នុងការកាត់បន្ថយពន្ធផងដែរ ដើម្បីជួយសម្រួលបន្ទុករបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនផលិតកម្ម។
លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងធ្វើការពិនិត្យឡើងវិញ នូវតារាងពន្ធគយរបស់កម្ពុជា គឺពិនិត្យលើអត្រាមុខទំនិញមួយចំនួន ដែលយើងនឹងលើកសំណើ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយអត្រាពន្ធអាករមួយចំនួន។ អត្រាពន្ធអាចថា ពន្ធគយ អាករអាចថា អាករពិសេស គឺ២មុខនេះ ព្រោះយើងរាល់ថ្ងៃនេះ ការប្រមូលពន្ធមាន ៣ប្រភេទ គឺពន្ធនាំចូល ហើយទំនិញខ្លះត្រូវជាប់អាករពិសេស និងទំនិញទូទៅទាំងអស់ជាប់អាករលើតម្លៃបន្ថែម ដែលមានអត្រា ១០%»។
លោកបានឱ្យដឹងផងដែរថា បន្ទាប់ពីកម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េជាដើម បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយ លើទំនិញនាំចូលមួយផ្នែក ប៉ុន្តែកន្លងមកគយបានពិនិត្យ និងតម្លើងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ដោយផ្តោតលើមុខទំនិញប្រណិត និងទំនិញដែលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ដូចជា បារី ស្រា។
លោកបន្ថែមថា «សម្រាប់ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមិនលើកសំណើកែប្រែអាករពិសេស លើមុខទំនិញដែលនឹងបន្ថែមបន្ទុក ទៅលើអ្នកប្រើប្រាស់នោះទេ បើសិនជាមាន គឺតិចតួចបំផុត យើងសុខចិត្តទ្រាំទ្រនៃការបាត់បង់ពន្ធគយ ពីការអនុវត្តកាតព្វកិច្ចរបស់យើង ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តែទន្ទឹមនោះ យើងក៏មិនបន្ថែមបន្ទុក ក្នុងកាលៈទេសៈដែលប្រទេសយើង កំពុងស្ថិតក្នុងស្ថានភាពស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ទេ។ បន្ថែមពីលើនោះ មិនត្រឹមតែយើងមិនលើកសំណើរ កែសម្រួលអត្រាអាករពិសេសទេ តែយើងកំពុងតែធ្វើការក្នុងកែសម្រួលអត្រាពន្ធអាករ លើមុខទំនិញមួយចំនួន ដែលការកែសម្រួលនេះ គឺមិនសំដៅលើការតម្លើងពន្ធនោះទេ គឺសំដៅទៅកាត់បន្ថយពន្ធនាំចូល»។
សូមជម្រាបថា នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលប្រាក់ចំណូលបាន ២ ៦៩០លានដុល្លារ ស្មើនឹង១០៤.៩៤% ដែលកំណត់ក្នុងច្បាប់ថវិកា៕