(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារដែលជាមន្ដ្រីជំនាញ ប្រចាំការទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់ទឹកជំនន់ស្ទឹងព្រែកឆ្នោត ក្នុងអំឡុងពេលទឹកជំនន់ខុសរដូវ ដោយសារតែមានភ្លៀងធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត នៅខេត្តកំពង់ស្ពឺ។

មន្ដ្រីជំនាញក្រសួងធនធានទឹក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោករដ្ឋមន្ដ្រី លឹម គានហោ មន្ដ្រីជំនាញបានប្រចាំការជាប់ជាប្រចាំដើម្បីតាមដានស្ថានភាពនៃការវិវត្តន៍របស់ជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត និងដើម្បីមានម្ចាស់ការក្នុងការគ្រប់គ្រង។

មន្ដ្រីក្រសួងធនធានទឹក បានអះអាងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ភ្លៀងខុសរដូវបានធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត ក្នុងកម្រិត២០០មីល្លីម៉ែត្រ ទៅ៣០០មីល្លីម៉ែត្រ ហើយបានធ្វើឲ្យមានជំនន់កេីតមានឡេីង នៅតាមដងស្ទឹងព្រែកត្នោត។

ជាក់ស្តែងនៅថ្ងៃទី១៣-១៤ ខែមករានេះ ក្រុមការងារបានប្រចាំការតាមដាន និងវាយតម្លៃស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងនៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយបានចាត់វិធានការណ៍ជាក់ស្តែង ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យរហូតមកដល់ពេលនេះ ស្ថានភាពទឹកពុំមានហូរចូលតំបន់ក្នុងសណ្តរទេ ​មានតែការលិចតាមមាត់ស្ទឹង ក្រៅសណ្តរ តែប៉ុណ្ណោះ ដែលជាធម្មតាតែងតែលិចនៅពេលមានជំនន់។

តាមការវាយតម្លៃរបស់មន្ដ្រីជំនាញ ស្ថានភាពទឹកនឹងចាប់ផ្ដើមស្រក ហើយវិលទៅរកសភាពធម្មតាវិញ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះតទៅ។ មន្ដ្រីបានបង្ហើបថា ស្ថានភាពជំនន់ខុសរដូវនេះ គឺតែងតែកើតឡើងក្នុងរយៈពេល២០ឆ្នាំម្ដង៕