(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញ និងលើកទឹកចិត្តឲ្យផលិតករជប៉ុន ពិនិត្យលទ្ធភាពបង្កើតឱកាសវិនិយោគវិស័យភាពយន្ដនៅកម្ពុជា ដោយប្រើប្រាស់ទឹកដីកម្ពុជាសម្រាប់ថតខ្សែភាពយន្ដផ្ទាល់តែម្ដង ។
ការលើកឡើងនេះ បន្ទាប់ពីលោកស្រីរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមកម្មវិធីមហោស្របភាពយន្ដជប៉ុន លើកទី៨ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ។ កម្មវិធីនេះ ក៏មានការចូលរួមពីលោកស្រី ទួន បញ្ញា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក TANINAI Ichitomo ភារធារីស្ដីទី នៃស្ថានទជប៉ុនប្រចាំកម្ពុជាផងដែរ ។
ឆ្លៀតឱកាសនោះ លោកស្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងប្រែងរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន ដែលបានរៀបចំមហាស្របខាងលើរៀងរាល់ឆ្នាំ ពិសេសក្នុងឆ្នាំ២០២៣ នេះ ដើម្បីអបអរសាទរ ខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន ។
លោកស្រី ភឿង សកុណា បន្ដថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកមហោស្របភាពយន្ដជប៉ុននៅពេលនេះ គឺជាផ្នែកមួយ នៃការចូលរួមអបអរសាទរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ការជួយជំរុញ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យវប្បធម៌ និងវិចិត្រសិល្បៈ» ។
លោកស្រីថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាផ្សព្វផ្សាយភាពយន្ដជប៉ុននោះទេ តែជាកន្លែងជួបជុំផលិតករ អ្នកបច្ចេកទេសភាពកម្ពុជា-ជប៉ុន ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ស្វែងរកចំណុចខ្លាំង-ចំណុចខ្សោយ ទាំងផ្នែកធនធានមនុស្ស បច្ចេកទេស និងជាការបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត ក្នុងវិស័យភាពយន្ដ ដើម្បីរួមចំណែកដល់ការវិវឌ្ឍន៍រីកចម្រើនឧស្សាហ៍កម្មភាពយន្ដរវាងប្រទេសទាំងពីរ ។
«ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខ្ញុំផ្ទាល់ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តផលិតករជប៉ុន ដើម្បីពិនិត្យលទ្ធភាពក្នុងការបង្កើតឱកាសវិនិយោគលើវិស័យភាពយន្ដនៅកម្ពុជា ពិសេសការប្រើប្រាស់ទឹកដីកម្ពុជា ជាទីកន្លែងសម្រាប់ថតខ្សែភាពយន្ដ ស្របតាមគោលនយោបាយជាតិ ស្ដីពីវប្បធម៌» លោកស្រី ភឿង សកុណា បន្ថែម ។
លោក ISOGAYA Hiroyuki នាយកនៃការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ដោយសារឆ្នាំនេះ គឺជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន លោកបានពង្រីកការរៀបចំមហោស្របភាពយន្ដជប៉ុនច្រើនខេត្តជាងមុន រហូតដល់ទៅ ៤រាជធានី-ខេត្ត(ភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម) ដោយសម្រិតសម្រាំងរឿងជិត ៣០ សម្រាប់ចាត់បញ្ចាំង ពិសេសភាពយន្ដគំនូរជីវចល “ឈីងចាំង” ដែលជាការផលិតរួមគ្នា រវាងផលិតករជប៉ុន និងផលិតករកម្ពុជាតែម្ដង ។
បន្ថែមលើនេះ លោកបានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រែលែង សម្រាប់ដំណើរការរៀបចំមហាស្របភាពយន្ដជប៉ុនចំនួន ៨លើកកន្លងមក ដែលបានក្លាយជាផ្នែកមួយ នៃការរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ក៏ដូចជាធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា បានស្វែងយល់ច្រើនពីវប្បធម៌ជប៉ុន តាមរយៈសាច់រឿងនីមួយៗ ។ មិនតែប៉ុណ្ណោះអ្នកពាក់ព័ន្ធ រួមមានផលិតករ និងអ្នកបច្ចេកទេសភាពយន្ដប្រទេសទាំងពីរ ក៏បានផ្សាភ្ជាប់ទំនាក់ទំនងល្អ ចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នា ពាក់ព័ន្ធនឹងវិស័យភាពយន្ដទៀតផង ៕