(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា វាគឺជាកិច្ចការផ្ទៃក្នុង របស់ប្រជាពលរដ្ឋចក្រភពអង់គ្លេស ស្តីពីលទ្ធផលនៃការបោះឆ្នោតចំពោះអនាគតសមាជិកភាព នៃសហភាពអឺរ៉ុប របស់ប្រទេសរបស់ខ្លួន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
«វាគឺជាកិច្ចការផ្ទៃក្នុងមួយ របស់ប្រជាជនចក្រភពអង់គ្លេស» នេះបើតាមការលើកឡើងរបស់លោក Sergey Lavrov បានប្រាប់ក្រុមអ្នកសារព័ត៌មាន។ លោកបន្ថែមថា «មានមនុស្សជាច្រើនបានវិលត្រឡប់មកពីចូលរួមបោះឆ្នោតប្រជាមតិ, ពួកគេបានបង្ហាញពីឆន្ទៈ នៃប្រជាពលរដ្ឋចក្រភពអង់គ្លេស»។
សូមជំរាបថា លទ្ធផលនៃការបោះឆ្នោតប្រជាមតិ របស់ចក្រភពអង់គ្លេស គឺបានបង្ហាញថា ចក្រភពអង់គ្លេសត្រូវចាកចេញពីភាពជាសមាជិកនៃសហភាពអឺរ៉ុប ហើយប្រកាសលទ្ធផលជាផ្លូវការ មិនបានប៉ុន្មានម៉ោងផង នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ដែលតាំងពីដើមឡើយ បានទទូចឲ្យប្រជាជនអង់គ្លេស គិតពីផលវិបាក ពេលខ្លួនចាកចេញពីអឺរ៉ុបនោះ បានសម្រេចចិត្តលាលែងចេញពីតំណែងរបស់ខ្លួនភ្លាមៗ៕