(ភ្នំពេញ)៖ បន្ទាប់ដាក់ឱ្យបោះឆ្នោត តាមរយៈវេបសាយរយៈពេល៣ថ្ងៃ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរកឃើញខេត្តចំនួន៣ ដែលជាប់ជាជ័យលាភី «ទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» (Best Countdown City of The Year 2022)។

ទីក្រុងនៃខេត្តចំនួន៣នោះរួមមាន៖ ទី១៖ ខេត្តបាត់ដំបង ទី២៖ ខេត្តព្រះសីហនុ និងទី៣៖ ខេត្តសៀមរាប។ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ក៏បានចូលរួមអបអរសាទរដល់ជ័យលាភីទីក្រុងនៃខេត្តចំនួន៣នេះផងដែរ។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានរៀបចំឱ្យមានការបោះឆ្នោតលើគេហទំព័រផ្លូវការ http://best countdowncity.cambodiacleancity.gov.kh/ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យសាធារណៈធ្វើការបោះឆ្នោតជ្រើសរើសទីក្រុងដែលពួកគេពេញចិត្តជាងគេបំផុត។

ការប្រគល់ពានរង្វាន់ខាងលើនេះ នឹងធ្វើឡើងនៅក្នុង «ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៕