(ភ្នំពេញ)៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានគូសរំលេចថា ឆ្នាំ២០២២កន្លងទៅ អាជីវកម្មរបស់លោកទាំងអស់មានដំណើរការល្អប្រសើរ បើទោះបីពិភពលោកជួបវិបត្តិខ្លះបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយនោះ។ សម្រាប់អ្នកឧកញ៉ា ទ្រី ភាព ដំណើរការល្អប្រសើរ នៃអាជីវកម្មនេះ គឺបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញបទអន្តរាគមន៍ជាច្រើន ដើម្បីទប់ស្កាត់ផលលំបាករបស់វិស័យឯកជន កើតពីវិបត្តិទាំងអស់នោះ។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣។ កិច្ចប្រជុំនោះ ត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រុមហ៊ុនទ្រីភាពគ្រុប និងថ្នាក់ដឹកនាំមកពីតាមក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន ១០ផ្សេងទៀត។
កិច្ចប្រជុំដែលធ្វើឡើងរយៈពេលពេញមួយថ្ងៃនោះ មានការបង្ហាញរបាយការណ៍សមិទ្ធផលឆ្នាំចាស់ និងការលើកឡើងនូវសំណូមពរសម្រាប់ឆ្នាំថ្មី ពីថ្នាក់ដឹកនាំមកពីតាមក្រុមហ៊ុន ជាបុត្រសម្ព័ន្ធ ទាំង១០។ បើតាមរបាយការណ៍ពីតាមក្រុមហ៊ុននីមួយៗ បានបង្ហាញនូវលទ្ធផលល្អប្រសើរ តែក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឱ្យមានការកែលំអរសម្រាប់ឆ្នាំថ្មី។
បន្ទាប់ពីកិច្ចប្រជុំបានធ្វើឡើងរយៈពេលពេញមួយថ្ងៃ អ្នកឧកញ៉ា ទ្រី ភាព បានអញ្ជើញបិទកិច្ច ប្រជុំនោះនៅពេលរសៀល។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំគ្រប់ផ្នែកអ្នកឧកញ៉ា ទ្រី ភាព បានវាយតម្លៃ និងកោតសរសើរខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់ ដែលបានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត និងបញ្ញាញាណ ដើម្បីរួមចំណែកធ្វើឱ្យក្រុមហ៊ុនដំណើរការបានល្អប្រសើរ។
បើទោះបីជាយ៉ាងណា អ្នកឧកញ៉ា ទ្រី ភាព បានចាត់ទុកដំណើរការល្អនៃអាជីវកម្មរបស់លោក គឺមិនអាចកាត់ផ្តាច់ចេញពីការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានោះឡើយ។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងមួយថ្ងៃមុនខួប ៣៨ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី របស់ សម្តេចតេជោ ហ៊ុន សែន នោះ អ្នកឧកញ៉ា ទ្រី ភាព បានលើកឡើងថា បើគ្មានការដឹកនាំប្រកប ដោយភាពខ្លាំងពូកែរបស់សម្តេចតេជោ ក្នុងការរក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមទេនោះ ទាំងក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុនដទៃទៀត មិនអាចដំណើរការបានលទ្ធផលល្អប្រសើរ ឡើយ។
អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកឡើងថា កិច្ចអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាព និងរហ័សរហួន របស់សម្តេចតេជោ លើការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាបង្កឡើងដោយសង្គ្រាមនៅ អ៊ុយក្រែន គឺជាចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យដំណើរការអាជីវកម្មក្នុងក្រុមហ៊ុនរបស់លោក បានជម្នះការលំបាកទាំងឡាយ និងទទួលបានលទ្ធផលបានល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់។ តាមរយៈការវិនិយោគ និងដំណើរការអាជីវកម្មរបស់វិស័យឯកជន បានផ្តល់ចំណូលដល់ជាតិ តាមរយៈការបង់ពន្ធនានា។ មិនតែប៉ុណ្ណោះ តាមរយៈអាជីវកម្មទាំងនោះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព នាពេលបច្ចុប្បន្នបានផ្តល់ការងាររហូតដល់ទៅជាងពីរពាន់ កន្លែង ជាមួយនឹងប្រាក់ឈ្នួលមួយសមរម្យ។ បុគ្គលិកក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ភាគច្រើនជាប្រជាពលរដ្ឋនៅតាមទីជនបទ ដែលនេះជាការរួមចំណែកដ៏ធំជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។
ក្រៅតែពីការចូលរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋហើយនោះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ក៏បានចូលរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ដោយផ្តល់ជំនួយផ្សេងជាបន្តបន្ទាប់ ដើម្បីដោះស្រាយការលំបាកពេលជួបគ្រោះ មហន្តរាយផ្សេងៗ។ ឆ្នាំ២០២២ អ្នកឧកញ៉ា ទ្រី ភាព បានផ្តល់អង្កររាប់រយតោនជូនរាជរដ្ឋាភិបាល ដើម្បីចែកជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់។
សម្រាប់ឆ្នាំ២០២៣ អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសបន្តរួមចំណែកធ្វើសកម្មភាព មនុស្សធម៌បន្តទៀតជាមួយរាជរដ្ឋាភិបាល។ អ្នកឧកញ៉ា បានលើកឡើងថា ផលដែលក្រុមហ៊ុនលោកទទួលបាន គឺកើតចេញដំណើរការសង្គម ដូច្នេះលោករីករាយក្នុងការរួមចំណែកគាំពារ និងដោះស្រាយបញ្ហាក្នុងសង្គមជា មួយរាជរដ្ឋាភិបាល។
មុននឹងបញ្ចប់កិច្ចប្រជុំនោះ អ្នកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន បន្តប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឱ្យទទួលបានលទ្ធផល្អប្រសើរ ហើយអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត។ អ្នកឧកញ៉ា ទ្រី ភាព បានប្រកាសថា លោកមិនខ្លាចនឹងដំឡើងប្រាក់ឈ្នួលជូនដល់បុគ្គលិកដែលស្មោះត្រង់ និងពូកែនោះឡើយ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអ្នកឧកញ៉ា ទ្រី ភាព ក៏បានរៀបចំអាហារសាមគ្គីជូនបុគ្គលិកទាំងអស់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕