(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសម៉ាល់ឌីវហើយ បន្ទាប់ពីចំណាយពេលធ្វើដំណើរប្រមាណជិត ៥ម៉ោង។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសម៉ាល់ឌីវនៅលាម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១០៖៤០នាទីព្រឹកម៉ោងនៅប្រទេសម៉ាល់ឌីវ។

ដំណើរអញ្ជើញដល់របស់ឋម្តេចតេជោ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់របស់ម៉ាល់ឌីវ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវរយៈពេល៣ថ្ងៃ។

ដំណើរទស្សនកិច្ចជាលើកដំបូងនេះ តបតាមការអញ្ជើញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ។

ថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយប្រធានាធិបតី អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី។ សម្តេចតេជោ និងប្រធានាធិបតីម៉ាល់ឌីវ នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលការចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ នាពេលនេះ ត្រូវបានរំពឹងថា នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការពិនិត្យមើលឡើងវិញ នូវវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕