(កំពង់ធំ)៖ ជម្លោះក្នុងគ្រួសារមួយ ហើយឈានដល់ការប្រើប្រាស់ហិង្សារវាងឪពុកកាប់ប្រហារ ទៅលើកូនប្រុសរបស់ខ្លួនដែលកំពុងដេកក្នុងអង្រឹង ក្រោយមកបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍អំពើហិង្សានេះ កើតឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតក្នុងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ពីពេលកើតហេតុឪពុកឈ្មោះ ហេង គួន អាយុ៤០ឆ្នាំ បានព្រានប្រដៅកូនប្រុស តែកូនរូបនេះមិនបានស្ដាប់តាមដំបូន្មានរបស់ខ្លួនឡើយ ទើបឪពុកទប់កំហឹងមិនបានក៏ស្ទុះទៅទាយពូថៅកាប់ប្រហារ ទៅលើកូនឈ្មោះ ហេង គី អាយុ២០ឆ្នាំ ដែលកំពុងដេកក្នុងអង្រឹង បណ្ដាលឲ្យត្រូវចំមាត់ ភ្នែក និងសៀតថ្កា បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
សមត្ថកិច្ចបន្ដថា អ្នកជិតខាងមិនហ៊ានចូលជួយនោះទេ ព្រោះថាបុរសជាឪពុក មានកាន់ពូថៅ និងកាំបិតស្នៀតថែមទៀតផង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍ និងចាប់បញ្ជូនជនបង្កទៅកាន់ប៉ុស្ដិ៍នគរបាលឃុំក្ដីដូង ដើម្បីចាត់ការតាមនីតិវិធី៕