(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានថ្លែងថា ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌មួយដ៏ប្រពៃបំផុត ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់អ្នករងគ្រោះ ដែលត្រូវការឈាម។

បើតាមមន្ត្រីរូបនេះ ឆ្នាំ២០២៣នេះ ការប្រើប្រាស់ឈាមនឹងកើនឡើង ដូចរៀងរាល់ឆ្នាំអញ្ចឹងដែរ។ នេះមកពីវិស័យសុខាភិបាលកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋកាន់តែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យតម្រូវការឈាម មិនងាយធ្លាក់ចុះទេ ហេតុនេះលោកសង្ឃឹមថា ឆ្នាំនេះប្រជាពលរដ្ឋនឹងចូលរួមបរិច្ចាគឈាមកាន់តែច្រើនឡើងថែមទៀត។

ថ្លែងក្នុងកម្មវិធីផ្តល់ឈាមផ្តល់ក្តីសង្ឃឹម រៀបចំឡើងដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្នាក់ការ GC Life លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានបញ្ជាក់ថា «ការប្រើប្រាស់ឈាម មិនងាយនឹងស្រុតចុះទេដឹងតែមានការកើនឡើងហើយ។ ក្រុមគ្រូពេទ្យ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមសំណូមពរជាថ្មី ឲ្យចូលរួមបរិច្ចាគឈាម ការបរិច្ចាគឈាមពិតជាអំពើដ៏ប្រពៃ បានផ្តល់ក្តីសង្ឃឹមួយដល់អ្នករងគ្រោះ ដែលត្រូវការឈាមជាចាំបាច់។​ សូមលោកអ្នក អាយុពី៨ដល់៦០ឆ្នាំ ទម្ងន់ ៤៥គីឡូក្រាមឡើង ទៅបរិច្ចាគឈាម កាន់តែផុលផុស»

លោកវេជ្ជបណ្ឌិត បានឲ្យដឹងដែរថា ការបរិច្ចាគឈាម មិនត្រឹមតែជួយសង្គ្រោះជីវិតមនុស្សនោះទេ តែបានផ្ដល់អត្ថប្រយោជន៍ដល់សុខភាព គឺជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីកនានា កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានការប៉ះពាល់ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង, បន្ថយការឡើងទម្ងន់, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងធ្វើឱ្យមានភាពសប្បាយរីករាយផងដែរ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានបញ្ជាក់ដែរថា ការធ្វើអំណោយឈាម គឺយើងធ្វើនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ជារៀងរាល់ថ្ងៃ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្វាគមន៍ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់អស់លោកលោកស្រី។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង បានថ្លែងអំណរគុណដល់ GC Life ដែលបានរៀបចំកម្មវិធីបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលបរិច្ចាគឈាម។ លោកបានចាត់ទុកថា នេះជាគុណប្រយោជន៍មួយ ដ៏មានសារៈសំខាន់ ដែលបានចែករំលែកនូវជីវិតដ៏ស្រស់បំព្រង ដល់អ្នករងគ្រោះដែលត្រូវការឈាម។ លោកបន្តថា កាយវិការមនុស្សធម៌ដ៏ល្អប្រពៃនេះ ធ្វើឲ្យអ្នកជំងឺដែលត្រូវការឈាមមិនអាចបំភ្លេចបាននូវការចងចាំគំរូវីរភាពរបស់ GC Life នោះឡើយ។

លោក Michael Tee នាយកប្រតិបត្តិ GC Life បានថ្លែងថា ដោយមើលឃើញពីតម្រូវការឈាម ដូចដែលមជ្ឈមណ្ឌលជាតិផ្តល់ឈាមបង្ហាញនោះ ធ្វើឲ្យ GC Life រៀបចំកម្មវិធីបរិច្ចាគឈាមមួយនេះឡើង។ សម្រាប់លោកនាយកប្រតិបត្តិ ការបរិច្ចាគឈាមផ្តល់ប្រយោជន ២យ៉ាង គឺជួយឲ្យយើងដឹងពីស្ថានភាពសុខភាពខ្លួនឯង និងជួយដល់សង្គមជាតិទាំងមូល។

លោកបន្តថា កម្មវិធីបរិច្ចាគឈាមថ្ងៃនេះដែរ គឺជារឿងចាំបាច់មួយ ដែលត្រូវការការគាំទ្រ និងការដោះស្រាយបញ្ហាកង្វះឈាមជាបន្ទាន់ ក៏ដូចជាដើម្បីបង្កើនការយល់ដឹងជាសាធារណៈ ដើម្បីសង្គមជាតិ ហើយលោកនឹងបន្តបង្កើតកម្មវិធីដើម្បីសង្គមនេះថែមទៀត។ លោកជំរុញថា កោសិកាឈាមក្រហម តែងតែកើតឡើងជាប្រចាំដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១២០ថ្ងៃម្តង ដូចនេះយើងគួរបរិច្ចាគឈាម ប្រសើរជាងទុកឈាមចោល។

លោក Michael Tee បានបញ្ជាក់ថា «សម្រាប់យុទ្ធនាការបន្តរបស់ពួកយើងនោះ គឺយើងនឹងធ្វើវាជាសកម្មភាពទៀត ព្រោះវាជាផ្នែកមួយនៃការងារសង្គមរបស់យើង ដោយផ្អែកលើចក្ខុវិស័យរបស់ក្រុមហ៊ុនយើងស្រាប់ទៅហើយ ដើម្បីក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងការលើកទឹកចិត្ត និងធ្វើឲ្យជីវិតប្រជាជន របស់យើងកាន់តែប្រសើរឡើង។ ដោយឡែក ទាក់ទងនឹងការងារសប្បុរសធម៌ និងការងារសង្គមទាំងអស់នេះ គឺយើងតែងតែបង្ហាញអំពីការទទួលខុសត្រូវសម្រាប់សង្គមរបស់យើង ក្នុងការឆ្លើយតបទៅកាន់ការងាររបស់យើង ទៅលើការផ្តល់ជូនសង្គមរបស់យើងផងដែរ»