(កំពង់ធំ)៖ អាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំទីតាំងមួយចំនួន ដើម្បីរៀបចំបុណ្យទន្លេនៅដើមខែមីនា ឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់ពីលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសមួយ លោក ងួន រតនៈ បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋភិបាល ជាពិសេសគណៈកម្មាធិការបុណ្យជាតិ និងក្រសួងទេសចរណ៍ បានសម្រេចជ្រើសរើសយកខេត្តកំពង់ធំ រៀបចំព្រឹត្តិការណ៍បុណ្យជាតិធំចំនួន២ គឺបុណ្យទន្លេ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ និងទី២ បុណ្យច្រត់ព្រះនង្គ័ល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។
លោកបានចាត់ទុកថា កិច្ចការចំពោះមុខសម្រាប់ឆ្នាំ២០២៣នេះ ខេត្តកំពង់ធំមានកិត្តិយសណាស់ ដែលត្រូវរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការបុណ្យជាតិជ្រើសរើសយក ជាកន្លែងរៀបចំព្រឹត្តិការណ៍បុណ្យជាតិ ចំនួន២៕