(ស្វាយរៀង)៖ អ្នកចិញ្ចឹមសត្វទាចល័តម្នាក់រីករាយពេលទារបស់គាត់ពង ហើយមានទីផ្សារ ដែលគាត់ប្រកបមុខរបរចិញ្ចឹមសត្វទាយកពងនេះ រយៈពេល៥ឆ្នាំមកហើយ គឺពងទាមានទីផ្សារល្អ ជាពិសេសអំឡុងឆ្នាំផ្ទុះកូវីដ១៩ គ្មានការនាំចូលពងទាពីប្រទេសជិតខាង។

អ្នកចិញ្ចឹមទាយកពងម្នាក់ បាននាំទាមកលែងនៅតាមព្រំដែនស្ថិតក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ។ គាត់ឈ្មោះ ចាន់ ថា ភេទប្រុសអាយុ៥១ឆ្នាំ មានទីលំនៅភូមិក្រចាប់លើឃុំពាមទា ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកបានចិញ្ចឹមសត្វទាយកពង ចំនួន៥ពាន់ក្បាល ដោយចិញ្ចឹមចល័ត តាមទីកន្លែងដែលមានស្រែទើបនឹងច្រូតកាត់ថ្មីៗ និងមានប្រឡាយទឹក ដោយត្រូវដឹកទាតាមរថយន្តមកទម្លាក់ ដើម្បីឲ្យទាស៉ីចំណី។ ទីតាំងប្រលែងទានេះត្រូវជួលស្រែគេ និងប្រឡាយទឹកគេ ទើបម្ចាស់ស្រែនិងម្ចាស់ប្រឡាយគេឲ្យទីតាំងលែងទា ហើយពេលអស់ចំណីត្រូវចល័តទៅទីតាំងថ្មី។

លោក ចាន់ ថា បន្តថា ក្នុងសត្វទា ៥ពាន់ក្បាលនេះ ក្នុង១ថ្ងៃពងបាន ៤ពាន់គ្រាប់ ក្នុង១គ្រាប់លក់បាន៤១០រៀល គឺមានម៉ូយមកប្រមូលទិញដល់ទីតាំងតែម្តង។ កាលពីដើមឆ្នាំ២០២២ មានចំណីច្រើនទា ចំនួន៥ពាន់ក្បាល គឺពងបាន៤៩០០គ្រាប់ បាត់តែ១ក្បាលប៉ុណ្ណោះ។

ប្រភពបន្តទៀតថា ជាទូទៅគាត់ទិញទា ដែលជំទង់ចិញ្ចឹម១ខែពង ហើយទាគឺពងរយៈពេល៦ខែ ទើបអស់ពង ដូច្នេះនៅពេលទា ជិតអស់ពងត្រូវទិញទាជំទង់១ខែមុន ដើម្បីត្រៀមទាថ្មីសម្រាប់ឲ្យពងបន្ត កុំឲ្យដាច់ម៉ូយ។ ការចិញ្ចឹមទាយកពងនេះ គឺទទួលចំណូលបានល្អប្រសើរ ជីវភាពគ្រួសារធូធារ មានប្រាក់ឲ្យកូនៗទៅរៀនសូត្រចប់ដល់មហាវិទ្យាល័យផងដែរ៕