(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបើកកម្មវិធីប្រកួត Think!Think! World cup ថ្នាក់ជាតិ នៅមជ្ឈមណ្ឌលសហប្រតិហត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលកម្មវិធីនេះ ជាផ្នែកមួយនៃខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជានិងជប៉ុន។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ថា ព្រឹត្តិការណ៍នេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា JICA និងស្ថានទូតជប៉ុន ដើម្បីលើកទឹកចិត្ត សិស្សានុសិស្សកាន់តែច្រើនក្នុងប្រទេសកម្ពុជា ឱ្យរៀន STEM តាំងពីវ័យកុមារជាមួយនឹងបច្ចេកវិទ្យាអប់រំ ពីប្រទេសជប៉ុន។ សិស្សប្រមាណ ៤០០០នាក់បានចូលរួមការប្រកួត ហើយពួកគេបានប្រកួតប្រជែងជំនាញ STEM របស់ពួកគេ ជាមួយគ្នានៅលើកម្មវិធី Think!Think! ដែល JICA នាំយកមកកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា «វាពិតជាមានសារៈសំខាន់ណាស់ក្នុងការរៀន STEM តាំងពីកុមារភាព និងអភិវឌ្ឍ បំណិនសតវត្សរ៍ទី ២១ នៅក្នុងសង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ Think!Think! WorldCup គឺជាឱកាសដ៏ល្អដែលអាចទាញ ចំណាប់អារម្មណ៍សិស្សានុសិស្ស ឲ្យចាប់អារម្មណ៍លើ STEM»

ក្នុងឱកាសនោះ លោកស្រី ហារ៊ុកុ កាមិអិ ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងថា Think!Think! គឺជាសេវាកម្មអប់រំរបស់ប្រទេសជប៉ុនដ៏លេចធ្លោមួយ ដែលត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់ សម្រាប់កម្មវិធី EdTech (បច្ចេកវិទ្យាអប់រំ) ដ៏ល្អឥតខ្ចោះសម្រាប់កុមារនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក។

មិនត្រឹមតែកម្មវិធី Think!Think! ប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពពាក់ពន្ធ័នឹងវប្បធម៌ជប៉ុនជាច្រើនដូចជាការ បង្ហាញការកាត់ត្រីសាលម៉ុនត្រូវបានរៀបចំឡើង ហើយសិស្សជាច្រើនបានចូលរួមរីករាយ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។

Think!Think! ជាកម្មវិធីមកពីប្រទេសជប៉ុនដើម្បីអភិវឌ្ឍជំនាញ STEM និង ជំនាញសតវត្សរ៍ទី ២១ របស់សិស្ស។ វាមានភាពល្បីល្បាញដោយសារការទទួលបានពានរង្វាន់កម្មវិធីអប់រំលេខ១ របស់ប្រទេសជប៉ុននិង កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ។ វាមានអ្នកប្រើប្រាស់ជាង ២០០,០០០នាក់នៅទូទាំងពិភពលោក។

កម្មវិធីនេះត្រូវបានប្រើប្រាស់ក្នុងវិស័យអប់រំសាធារណៈ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៨ ដោយមានការគាំទ្រពី JICA ។ បច្ចុប្បន្ននេះ សិស្សានុសិស្សចំនួន ៤០០០នាក់នៅក្នុងសាលារដ្ឋចំនួន៩ ក្នុងខេត្តចំនួន៦ និងមជ្ឈមណ្ឌលសិក្សាចំនួន១ នៅរាជធានីភ្នំពេញប្រើប្រាស់កម្មវិធីនេះ។ Think!Think! Worldcup ថ្នាក់ជាតិ នឹងធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ៕