(ប៉ៃលិន)៖ លោក អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយ ខេត្តប៉ៃលិន និងលោកស្រី អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន នៅតែបន្តផ្តល់រង្វាន់ធំជូនដល់យុវសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ទទួលបាននិទ្ទេស A ។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាតំណាងរាស្រ្ត គណបក្សប្រជា ជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.កខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយលោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់ទី១២ ដែលកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នៅវិទ្យាល័យ ហ៊ុន សែន ក្រុង ទេពនិម្មិតប៉ៃលិន សរុបចំនួន៣៥០នាក់។
ក្នុងឱកាសជួបសំណេះសំណាលលោកស្រីប្រធាន បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវ ជនកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ដោយលោកបានមានគំនិតផ្តួចផ្តើម បើកវគ្គបំប៉នរៀនត្រៀមប្រឡង សញ្ញាបត្រមធ្យម សិក្សាទុតិភូមិជូនដល់សិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេស ដោយសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យអប់រំ ឲ្យកាន់តែល្អប្រសើរឡើង ។
លោកស្រីបានថ្លែងរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ លះបង់ការដើរលេងច្រើន និងផ្អាកការលែងបណ្តាញសង្គម ពិសេស Facebook ដើម្បីមានពេលវេលាច្រើនក្នុងការបំពេញវិជ្ជា ហើយបានប្រឡងជាប់ លោកស្រីបន្តបញ្ជាក់បន្ថែមថា សម្រាប់ការប្រឡង ឆ្នាំនេះ ក៏ដូចជាការប្រឡងឆ្នាំទៅផងដែរ គឺមានការចូលរួមពីអ្នកសង្កេត ការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជន កម្ពុជាទូទាំងប្រទេស អង្គការសង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្ត ជាច្រើនទៀត ដើម្បីចាំឃ្លាំមើលការប្រឡង ដូចនេះគឺមានតែអ្នកចេះពិតប្រាកដ ទេដែលប្រឡងជាប់ ហើយសម្រាប់ឆ្នាំនេះលោក អ៉ី ឈាន និងលោកស្រី នៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តដល់ប្អូនៗ សិស្សានុសិស្សរូបណា ដែលបានប្រឡងជាប់ទទួលបាននិទ្ទេស A នូវម៉ូតូ Scoopy ចំនួន០១គ្រឿង មិនថា ប្រឡងជាប់បានប៉ុន្មានអ្នកក៏ដោយ។ លោកស្រីបន្តថា សម្រាប់សិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ ហើយក្រុមគ្រួសារគ្មានលទ្ធភាព ឲ្យបន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សា លោក អ៉ី ឈាន និងលោកស្រី នៅតែបន្តផ្តល់អាហារណ៍រូបករណ៍ជូនដល់ប្អូនៗ ដូចឆ្នាំមុនៗផងដែរ៕