(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុន អ៊ីហ្ស៊ីខម បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការឌីជីថល នៅអគារ The Kampus។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ព្រមទាំងគណៈប្រតិភូអញ្ជើញមកពីស្ថាប័នទាំង២។
លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អ៊ីហ្ស៊ីខម ចំពោះកិច្ចសហការជាបន្តបន្ទាប់ រហូតឈានដល់ការចុះអនុស្សរណៈនាពេលនេះ ក្នុងគោលបំណងចូលរួមលើកទឹកចិត្ត និងគាំទ្រយុវជនអោយចាប់យកជំនាញថ្មី នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បច្ចេកវិទ្យា និងការច្នៃប្រឌិត លើកកម្ពស់ការងារសង្គម ការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្ត រួមទាំងចូលរួមជំរុញបច្ចេកវិទ្យាឌីជីថល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងតម្រូវការទីផ្សារការងារជាក់ស្តែង។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិ្កការនេះ និងបានឆ្លុះបញ្ចាំងពីចក្ខុវិស័យយ៉ាងរឹងមាំ ក្នុងការចូលរួមជាមួយ ស.ស.យ.ក. ស្របតាមគោលដៅសេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកគាំទ្រ ដល់យុវជនជំនាន់ក្រោយ ជាពិសេសសមាជិក សមាជិកា ស.ស.យ.ក. ឲ្យមានឱកាសកាន់តែច្រើនបន្ថែមទៀត ក្នុងការស្វែងយល់អំពីបច្ចេកវិទ្យា វិទ្យាសាស្រ្ត រួមទាំងចូលរួមលើកកមកពស់សកម្មភាពនានាដែលជួយដល់សង្គមជាតិ។
សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់ រវាង ស.ស.យ.ក. និងអ៊ីហ្ស៊ីខម នេះ នឹងជំរុញដល់ការផ្តល់ឱកាសយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀតជាពិសេសលើបច្ចេកវិទ្យាឌីជីថល និងជំរុញការទាញផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យា និងឌីជីថលូបនីយកម្មក្នុងបរិការណ៍នៃឧស្សាហកម្ម4.0 នៅកម្ពុជា។
បន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារួចមក ក៏មានពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Telcotech និងអគារ The kampus លើកិច្ចសន្យាជួល (សម្រាប់ការរៀបចំ Database) ផងដែរ៕