(នូវ៉ែលហ្សេឡង់)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោកវង្ស ប៊ុនឥន្ទ្រាវុធ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់៩ នៃប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងក្រុមការងារទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា នារដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់ ដែលពិធីនេះ រៀបចំឡើងដោយបងប្អូនជនរួមជាតិខ្មែរ រស់នៅរដ្ឋធានីវែល្លីងតុន ប្រទេសនូវ៉ែលហ្សេឡង់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត គឹម សន្តិភាព បានកោតសរសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះលោកពូ អ្នកមីង បងប្អូន ជាជនរួមជាតិទាំងអស់ ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលឆន្ទៈ មនសិការ ស្នេហាជាតិមាតុភូមិពេញបរិបូរ ដែលកន្លងមក រហូតមកដល់បច្ចុប្បន្ន បងប្អូនបានចំណាយពេលវេលា កម្លាំងកាយចិត្ត និងទ្រព្យធនផ្សេងៗ ដើម្បីចូលរួមគ្រប់សកម្មភាពជួយគាំពារជាតិជាមួយក្រុមការងារ។
លោកបណ្ឌិត គឹម សន្ដិភាព បានអះអាងថា គណបក្សប្រជាជនកម្ពុជា ជាទេវតាសង្គ្រោះ ដែលបានរំដោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ ដែលកំពុងរងទុក្ខវេទនាក្នុងនរកអវីចី នៃរបបប្រល័យពូជសាសន៍ ដោយសារការកាប់សម្លាប់ឥតត្រាប្រណី ការធ្វើទារុណកម្មដ៏សាហាវយង់ឃ្នង ការបង្អត់អាហារ ការជិះជាន់កេងប្រវ័ញ្ចធ្វើបាបគ្រប់រូបភាព និងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។
មិនតែប៉ុណ្ណោះ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ១៩៧៩ ទេវតាសង្គ្រោះ ដែលសព្វថ្ងៃ យើងហៅថា គណបក្សប្រជាជនកម្ពុជា បាននៅបន្តថែរក្សា ការពារ និងអភិវឌ្ឍជាតិមាតុភូមិ ប្រកបដោយសុខសន្តិភាព សេរីភាព ស្ថិរភាព បូរណភាពទឹកដី លទ្ធិប្រជាធិបតេយ្យ និងការីចម្រើនជឿនលឿន រហូតមកដល់សព្វថ្ងៃនេះ៕