(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដឹងថា សម្ដេចនឹងបំពេញទស្សនកិច្ចជាថ្មី នៅប្រទេសចិន នាខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ បន្ទាប់ពីអាក់ខាន ដោយសារកូវីដ១៩ រយៈពេល២ឆ្នាំកន្លងមក នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទៅប្រទេសចិន នៅថ្ងៃទី៩ ហើយថ្ងៃទី១០ ខ្ញុំចាប់ផ្ដើមទស្សនកិច្ច នឹងថ្ងៃទី១១ ត្រឡប់មកវិញ»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទស្សនកិច្ចនេះ វាជាការរៀបចំមួយ ដើម្បីរំលឹកទៅដល់ពេលវេលាដល់លំបាក ដែលជាខួបលើកទី៣ នៃថ្ងៃដែលសម្ដេចទស្សនកិច្ច ក្នុងពេលវេលា ដែលគេទាំងឡាយរត់ចោលចិន ដោយសារតែខ្លាចនូវជំងឺកូវីដ-១៩ ប៉ុន្ដែសម្ដេចទៅប្រទេសចិន។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ទស្សនកិច្ចរបស់សម្ដេច នាពេលខាងមុខ នឹងមានគម្រោងថ្មីៗ បន្ថែមទៀត ដែលត្រូវពឹងពាក់ពីមិត្ដចិត្ដ ដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយក្នុងនោះ ប្រហែលជាត្រូវរៀបចំ អំពីគម្រោងទាក់ទិន ជាមួយនឹងផ្លូវរត់ភ្លើងល្បឿនលឿនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងទៀតផងដែរថា ទាក់ទងជាមួយនឹងខួប៦៥ឆ្នាំ នៃទំនាក់ទំនង កម្ពុជា-ចិន សម្ដេចថា រឿងនេះ ជារឿងនៃរបទប្រវិត្ដសាស្ដ្រមួយដ៏សំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលបានកើតឡើង រួចមកហើយនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ត្រូវបានចូលជាធរមាន ដែលឥលូវនេះ ការជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ធ្វើកាន់តែច្រើន និងមានកិច្ចសហប្រតិបត្ដិការនានា ក៏នឹងត្រូវធ្វើកាន់តែច្រើនទៀតផង៕