(ភ្នំពេញ)៖ ក្នុងឱកាស​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ​ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវពាក្យស្លោកថ្មីមួយទៀតគឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ដើម្បីលើកកម្ពស់នូវការផ្សាយព័ត៌មានពិត និងលុបបំបាត់ការផ្សាយព័ត៌មានក្លែងក្លាយ។

សម្តេចបានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីលើកមុន សម្តេចបានដាក់ពាក្យស្លោកមួយហើយគឺ «អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត» ចំណែកនៅឆ្នាំនេះ សម្តេចបានដាក់ពាក្យស្លោកមួយទៀត គឺ «អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ» ​ដែលការដាក់នូវពាក្យស្លោកនេះ ​ដោយសារតែកន្លងមក មានសាររព័ត៌មានមួយចំនួន ឬក្រុមប្រឆាំង តែងតែផ្សាយនូវព័ត៌មានប្រឌិត ដើម្បីបំភ្លៃឬវាយប្រហារសម្តេច​។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «កាលមុនខ្ញុំបានដាក់ថា អ្នកសារព័ត៌មាន កុំបំពានអ្នកដទៃ កុំបំភ្លៃកាពិត ហើយឥលូវនេះ ខ្ញុំក៏គួរនិយាយបន្ថែមថា អ្នកសារព័ត៌មាន ត្រូវផ្សព្វផ្សាយព័ត៌មានដែលពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ។ អ៊ីចឹងយើងមានពាក្យស្លោក២ ។ ​​.... ត្រូវចាំ ព្រោះជួនកាលអាងតែខ្លូនមានហ្វេសប៊ុក ទូរសព្ទតែមួយគ្រឿង ផ្សាយទៅជេរគេជេរឯង ប្រម៉ាថគេ ប្រម៉ាថឯង ហើយតាំងខ្លួនជាចៅក្រមកាត់សេចក្តីប៉ាដោយ ឯលើកនេះ គឺខ្ញុំចង់ចេញសារមួយទៀត ដាក់ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ»

ទន្ទឹមនឹងការដាក់ចេញនូវពាក្យស្លោកថ្មីនេះ សម្តេចតេជោ បានអំពាវនាវឱ្យពលរដ្ឋ និងស្ថាប័នសារព័ត៌មានបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ​ខណៈបច្ចុប្បន្ននេះ តំណាងសារព័ត៌មាន​របស់កម្ពុជា ក៏មាននៅក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឱ្យស្ថាប័នព័ត៌មានរបស់កម្ពុជាធ្វើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយជាផ្នែកចិត្តសាស្រ្ត​ ដែលធ្វើឱ្យសង្គមមានភាពចលាចល អស្ថេរភាពនយោបាយ អសន្តិសុខសង្គម និងកើតមានអរិយភាពជាមួយបរទេស។​

សម្តេចមានប្រសាសន៍បន្តថា បញ្ហាព័ត៌មានមិនពិតនេះ មិនមែនកើតមានតែនៅកម្ពុជាទេ គឺមាននៅ​ទូទាំងពិភពលោក ​ រាប់ទាំងនៅក្នុងអង្គការសហប្រជាជាតិ​ផងដែរ គឺសុទ្ធតែលើកឡើងពីបញ្ហាព័ត៌មានក្លែងក្លាយនេះ។ តែយ៉ាងនេះក្តី​​ព័ត៌មានមិនពិតនេះ ដែលត្រូវបានផ្សព្វផ្សាយនេះ នឹងឆាប់សាបរលាប​ លែងមានអ្នកគាំទ្របន្តទៀត និងលែងមានប្រភពផ្តល់ព័ត៌មានឬផ្តល់បទសម្ភាសន៍ឱ្យទៀតផង។

សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយនេះ គឺមានតែការផ្សាយព័ត៌មានពិតប៉ុណ្ណោះ។ ដូច្នេះហើយ ថ្នាក់នាំដឹកនៅតាមស្ថាប័ននានា ត្រូវតែតាមដាននូវឱ្យព័ត៌មានឱ្យបានគ្រប់វេលា ដើម្បីសួរបញ្ជាក់នៅពេលមានការផ្សាយព័ត៌មានមិនពិត ហើយផ្តល់នូវព័ត៌មានពិត ដើម្បីឱ្យស្ថាប័នសារព័ត៌មានបំភ្លឺរឿងហ្នឹងត្រឡប់មកវិញ​៕