(ភ្នំពេញ)៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ដែលជាជំនួបលើកទី៥ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ចំនួន៨ចំណុច សម្រាប់ឲ្យក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអ្នកសារព័ត៌មាន យកទៅអនុវត្ដ។
ថែ្លងក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន ណែន បានផ្ដល់នូវអនុសាសន៍ សម្រាប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក៏ដូចជាអ្នកសារព័ត៌មាន យកទៅអនុវត្ដចំនួន៨ចំណុចរួមមាន៖
ទី១៖ ក្រសួងព័ត៌មាន ត្រូវជំរុញឲ្យមានសេចក្ដីព្រាងច្បាប់ ស្ដីពីសិទ្ធិទទួលព័ត៌មាន បានចេញនូវអាណត្ដិទី៧ និងត្រៀមរៀបចំ ដាក់ឲ្យដំណើរការថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា នៅដើមឆ្នាំ២០២៣ខាងមុខនេះ និងត្រូវបិទការផ្សាយទូរទស្សន៍អាន់នឺលុក នៅឆ្នាំ២០២៥ តាមផែនការ ដែលបានគ្រោងទុក។ បើសិនបើអនុវត្ដមិនបាន យើងនឹងត្រូវខាតបង់ច្រើនណាស់ គឺយើងដើរមិនទាន់ការវិវត្ដន៍បច្ចេកវិទ្យា នៅក្នុងតំបន់អាស៊ាន ដែលគេបិទការផ្សាយទូរទស្សន៍អាន់នឺលុក តាំងពីឆ្នាំ២០២០ ហើយអាចធ្វើឲ្យយើងខ្វះគ្រឿងបន្លាស់ ដើម្បីប្រើប្រាស់ដោយគេឈប់ផលិត និងធ្វើឲ្យយើងឆ្លងប្រេកង់ទូរស័ព្ទ ជាមួយនឹងប្រទេសជិតខាង ដែលបច្ចុប្បន្នកំពុងប្រើប្រាស់ បន្ទាលប្រេកង់៧០០មេហ្កាហឺត ក៏មានការខាតបង់ ការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ផងដែរ។
ទី២៖ ស្ថាប័នព័ត៌មានរដ្ឋ និងឯកជន ត្រូវចូលរួមថែរក្សាសន្ដិភាព ស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈភូមិ-ឃុំ មានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឲ្យអាជ្ញាធរ និងស្ថាប័ន មានសមត្ថកិច្ច ទប់ស្ដាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាមួយ ឲ្យមានសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងរក្សាកិត្ដិយស សេចក្ដីថ្លៃថ្នូរ លើកមុខមាត់កម្ពុជា លើឆាកអន្ដរជាតិ ក្នុងនាមជាម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម ឆ្នាំ២០២២-២០២៣ ជាប្រវិត្ដសាស្ដ្រ។
ទី៣៖ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមចូលរួមយុទ្ធនាការផ្សព្វផ្សាយ ការរាប់ថយក្រោយ១០០ថ្ងៃ នៃព្រឹត្ដិការណ៍ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ឲ្យបានផុលផុស ដើម្បីឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានដឹង និងបំផុសស្មារតី លើកទឹកចិត្ដដល់កីឡាករ-កីឡាការិនី ឲ្យខិតខំហ្វឹកហាត់ ដើម្បីទទួលបានមេដៃច្រើន ក្នុងការប្រកួតនាពេលខាងមុខ និងលើកទឹកចិត្ដឲ្យយុវជន និងប្រជាពលរដ្ឋយើងគាំទ្រ និងស្នេហាវិស័យកីឡា ក្រោមពាក្យស្លោក «កីឡារស់នៅ ក្នុងសន្ដិភាព» «ប្រជាជនម្នាក់ លេងកីឡាមួយមុខ» «កម្ពុជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍» និង «កម្ពុជាស្អាត»។
ទី៤៖ ស្ថាប័នព័ត៌មាន ត្រូវបង្កើតភាពជាដៃគូ ជាមួយរាជរដ្ឋភិបាល ដោយត្រូវបំពេញតួនាទីជាស្ពានចម្លង ផ្សារភ្ជាប់ទំនាក់ទំនងពីស្ថាប័នរដ្ឋទៅប្រជាជន និងពីប្រជាជនមកស្ថាប័នរដ្ឋវិញ ទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ទាំងការអនុវត្ដជាក់ស្ដែង ដែលតម្រូវឲ្យអ្នកសារព័ត៌មាន ចូលរួមកាន់តែសកម្មថែមទៀត ដើម្បីថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។
ទី៥៖ បន្ដចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្ដិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព និងសូមឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដ៏ស៊ីជម្រៅ ហ៊ានបញ្ចេញនូវការពិតមិនខ្លាច មិនក្លែងបន្លំ បំផ្លីការពិត និងត្រូវបន្ដបំផ្លាញចោល ពួកឱកាសនិយម ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមផ្លាកសារព័ត៌មាន ធ្វើឲ្យប៉ះពាល់ ដល់តម្លៃរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន។
ទី៦៖ បន្ដចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មានរបស់យើង ធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ឲ្យកាន់តែសកម្មថែមទៀត ព្រោះព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ជាផ្នែកចិត្ដសាស្ដ្រដែលធ្វើឲ្យសង្គម មានភាពចលាចល អស្ថេរភាពនយោបាយ អសន្ដិសុខសង្គម និងកើតមានអរីភាព ជាមួយនឹងបរទេស។
ទី៧៖ សមាគមអ្នកសារព័ត៌មាន ត្រូវបន្ដសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួនឲ្យដើរទាន់ ការវិវត្ដន៍បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័ស និងទាន់សភាពការ និងត្រូវបង្កើតឡើងនូវកាលានុវត្ដភាពថ្មី សម្រាប់ទប់ទល់នូវបញ្ហាប្រឈម ដែលអាចកើតឡើង នាពេលអនាគត ដែលយើងមិនអាចប៉ាន់ស្មានបាន។
ទី៨៖ ចូលរួមធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ ឲ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ និងអនុវត្ដវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។ កូវីដ-១៩ នៅមិនទាន់ដល់ទីបញ្ចប់របស់វាទេ ដូច្នេះ សូមស្នើឲ្យគ្រប់បណ្ដាសារព័ត៌មាន បន្ដការយកចិត្ដទុកដាក់តទៅទៀត ទៅលើការជួយឲ្យប្រជាពលរដ្ឋអនុវត្ដវិធានការសុខាភិបាល ហើយការទទួលយកវ៉ាក់សាំង ជាកិច្ចការដែលយើងត្រូវបន្ដ ព្រោះថា យើងមិនដឹងថា ជំងឺកូវីដ-១៩ វាវិវត្ដទៅដល់ណានោះទេ៕