(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តថ្លែងអំពាវនាវដល់អ្នកសារព័ត៌មានគ្រប់ស្ថាប័ន និងទាំងរដ្ឋ និងឯកជន បន្តចូលរួមរក្សាសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដោយផ្សព្វផ្សាយរាល់បញ្ហាអសកម្ម ក្នុងមូលដ្ឋានពាក់ព័ន្ធគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

សម្តេចជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ។

សម្តេចជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម តាមរយៈភូមិឃុំមានសុវត្ថិភាព ដោយធ្វើការផ្សព្វផ្សាយជំរុញឱ្យអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ និងចាត់វិធានការរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចររាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកសាងសង្គមកម្ពុជាឱ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងរក្សាកិត្តិយសសេចក្តីថ្លៃថ្នូរលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃកាប្រកួតស៊ីហ្គេមឆ្នាំ២០២២-២០២៣ ជាប្រវត្ថិសាស្ត្រ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា កិច្ចការពារសន្តិភាព និងស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់ទាំងនេះ នៅតែជាចំណុចសំខាន់ ដែលត្រូវពឹងទៅលើការចូលរួមទាំងអស់គ្នា ក្នុងនោះក៏មានផ្នែកសារព័ត៌មានដើម្បីចូលរួមអំពីបញ្ហានេះ។ អ្នកដែលលួចលាក់ទាំងឡាយអំពីការបង្កប់នូវបនល្បែង ឫគ្រឿងញៀន ត្រូវរកឃើញតាមរយៈនៃសារព័ត៌មាន បញ្ជូនទៅឱ្យខាងផ្នែកសមត្ថកិច្ច ដែលនេះក៏ជាគុណសម្បត្តិមួយរបស់អ្នកសារព័ត៌មាន ក្នុងការចូលរួមចំណែកដើម្បីធ្វើជាផែនទីចង្អុលផ្លូវសម្រាប់សណ្តាប់ធ្នាប់សង្គមរបស់យើង គឺគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលមានចែងសព្វគ្រប់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងត្រូវរួមគ្នាធ្វើកិច្ចការងារនេះឱ្យបានទាំងអស់គ្នា និងជាផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា ព្រោះយើងមិនអាចរស់នៅជាមួយនឹងការលួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រឿងញៀននោះទេ។ ដូចនេះហើយអ្នកសារព័ត៍មានក៏ត្រូវចូលរួមចំណែកជាមួយអាជ្ញាធរ ហើយអាជ្ញាធរក៏ត្រូវគួរយកអ្នកសារព័ត៌មានធ្វើជាដៃគូរបស់ខ្លួន ក្នុងការស៊ើបអង្គេតនូវបទឧក្រិដ្ឋ ដែលបានលើកមានឡើងនៅក្នុងមូលដ្ឋានដូចជា ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនជាដើម៕