(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយយុទ្ធនាការរាប់ថយក្រោយ ១០០ថ្ងៃ នៃការឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឱ្យបានផុលផុស នៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៣​ ដើម្បីបំផុសស្មារតីដល់ពលរដ្ឋ និងលើកទឹកចិត្តដល់កីឡាករ កីឡាការនី។

​ថ្លែង​ក្នុងឱកាស​ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣​ សម្តេចតេជោបានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃយុទ្ធនាការរាប់ថយក្រោយ១០០ថ្ងៃនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដូច្នេះហើយ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូម​ចូលរួមយុទ្ធនាការផ្សព្វផ្សាយ​យុទ្ធនាការនេះឱ្យបានផុលផុស ដើម្បីឱ្យ​ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេសឱ្យបានដឹង និងបំផុសស្មារតីលើកទឹកចិត្តដល់កីឡាករ កីឡាការនី ឱ្យខិតខំវ៉ឹកហាត់ដើម្បីទទួលបានមេដាយច្រើន ក្នុងការប្រកួតនាពេលខាងមុខ។

សម្តេចតេជោបានមានប្រសាសន៍បន្តថា «អ៊ីចឹងទេ នៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ គឺជាថ្ងៃ សល់១០០ ថ្ងៃ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ធ្វើឱ្យផ្ទុះឡើង ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានដឹងថា យើងចាប់រាប់ថយក្រោយ ពីថ្ងៃទី២៥ គឺ១០០ថ្ងៃ ២៦ សល់៩៩ថ្ងៃ, ទី២៧សល់៩៨ថ្ងៃ និងបន្តបន្ទាប់​ក្រោយទៀត។»

​ទន្ទឹមគ្នានេះដែរ សម្តេចថែមទាំងអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយ បន្តលើកទឹកចិត្តឱ្យយុវជន និងប្រជាពលរដ្ឋកម្ពុជាគាំទ្រ និងស្នេហាវិស័យកីឡា​ ក្រោមពាក្យស្លោក «កីឡារស់នៅក្រោមសន្តិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកម្ពុជាស្អាត​ ដើម្បីលើកទឹកចិត្ត​ឱ្យប្រជាពលរដ្ឋ​​ហាត់ប្រាណ លេងកីឡា ​ ​និង​​ជាពិសេស​ផ្តោតការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងយកល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ជួបជាមួយកីឡាករ កីឡាការិនី។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣​ ដែល​ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១១ចូលរួមនេះ ត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។ មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ មានរយៈពេល៦៤ឆ្នាំមកហើយ។ ​ដោយសារតែវិបត្តិនយោបាយ និងសង្គ្រាម ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះ ធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ​៕