(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងព័ត៌មានត្រូវជំរុញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដាក់ចេញឱ្យអនុវត្តនៅក្នុងអាណត្តិទី៧ខាងមុខនេះ ឬក្នុងចន្លោះឆ្នាំ២០២៤ ឬឆ្នាំ២០២៥។
សម្តេចតេជោ ផ្តល់អនុសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដោយផ្ទាល់លើកទី៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។
សម្តេចតេជោបានថ្លែងថា ភាពយឺតយ៉ាវក្នុងការដាក់ឱ្យអនុវត្តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានរហូតមកដល់នេះ ដោយសាររាជរដ្ឋាភិបាល ចង់ប្រមូលផ្តុំនូវមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យច្បាប់ថ្មីនេះ ផ្តល់ប្រយោជន៍ដល់គ្រប់គ្នាទាំងអស់។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទងនឹងច្បាប់សិទ្ធិទទួលព័ត៌មាន ប្រាកដណាស់ថា មកដល់ពេលនេះនៅសល់តែប៉ុន្មានខែទៀតតែប៉ុណ្ណោះ នឹងដល់ពេលបោះឆ្នោតនឹងមកដល់ ដូច្នេះយើងរំពឹងថាច្បាប់សិទ្ធិទទួលព័ត៌មាន គឺនឹងចេញនៅអាណត្តិទី៧ នៅក្រោយការបោះឆ្នោត ឬអាចថាប្រាកដជាក្នុងចន្លោះឆ្នាំ២០២៤ ឬឆ្នាំ២០២៥ ។ ការយឺតយ៉ាវនេះ មិនមែនជារឿងដាច់ដោយឡែក បើយើងគ្រាន់តែប្រើសិទ្ធិរបស់រដ្ឋសម្រាប់ការសម្រេច វាជាការងាយទេ វាអត់មានអីលំបាកទេ រដ្ឋមន្រ្តីធ្វើរួចហើយ បញ្ជូនមកគណៈរដ្ឋមន្រ្តីអនុម័តបញ្ជូនទៅសភាអនុម័ត ក៏ប៉ុន្តែយើងចង់ប្រមូលផ្តុំនូវមតិយោបល់ទាំងឡាយពីគ្រប់ទិសទី ដើម្បីឱ្យច្បាប់មួយនេះទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។
សម្តេចកត់សម្គាល់ថា អង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានទាមទារជ្រុលហួសហេតុ ក្នុងទាមទារឱ្យបញ្ចប់សេចក្តីច្បាប់នេះឱ្យបានលឿន ខណៈបច្ចុប្បន្ននេះសេចក្តីច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំពុងតែដំណើរការពិភាក្សាពាក់ព័ន្ធនឹងបទល្មើស និងទោសបញ្ញត្តិ ជាមួយក្រសួងយុត្តិធម៌។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ក្នុងការរៀបចំច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងឆ្លងសេចក្តីព្រាងច្បាប់នេះចប់ជាស្ថាពរ និងបានដាក់ជូនក្រសួងយុត្តិធម៌ពិនិត្យ និងផ្តល់យោបល់ ព្រមទាំងកែសម្រួលជំពូកដែលពាក់ព័ន្ធនឹងបទល្មើស និងទោសបញ្ញត្តិនៅដំណាច់ឆ្នាំ២០២០។ នៅចុងឆ្នាំ២០២១ ក្រុមការងារបច្ចេកទេសក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌បានបញ្ចប់កិច្ចប្រជុំពិភាក្សាទាក់ទង បទល្មើស និងទោសបញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះបញ្ចប់ជាស្ថាពរហើយ និងបានដាក់ជូនឯកឧត្តម កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពិនិត្យ និងសម្រេច។
លោកបន្តថា «បច្ចុប្បន្នសេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដៃក្រសួងយុត្តិធម៌ដើម្បីពិនិត្យ និងកែសម្រួល។ ទន្ទឹមនេះក្រសួងព័ត៌មានកំពុងសិក្សា និងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីបន្ស៊ីច្បាប់នេះ ឱ្យមានសង្គត់ភាពទៅនឹងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន និងបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនានាដែលមានជាធរមាន និងបទបញ្ញត្តិច្បាប់សេចក្តីព្រាងច្បាប់ថ្មីដែលកំពុងរៀបចំ»៕