(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកសារព័ត៌មានចូលរួមជិត ៥ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តណែនាំដល់ថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានជាសត្រូវនោះទេ និងត្រូវគប្បីរាប់រក និងធ្វើទំនាក់ទងឱ្យបានល្អ ជាមួយអ្នកសារព័ត៌មានដែលមានចេតនាល្អ ក្នុងការផ្តល់ព័ត៌មានពិតជូនសាធារណៈជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំពិតជាមានការរីករាយជាមួយក្រសួងស្ថាប័នដែលជាអ្នកផ្តល់ព័ត៌មាន ឥលូវនេះទោះបីថានៅទន់ខ្សោយខ្លះ នៅក្នុងស្ថាប័នខ្លះ និងខេត្តខ្លះ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេលមុន វិជ្ជាជីវៈសារព័ត៌មានម្ខាង និងអ្នកផ្តល់ព័ត៌មានម្ខាង ក៏មានការទទួលខុសត្រូវខ្ពស់ជាមុន អ្នកទទួលបានព័ត៌មានក៏ទទួលបានច្រើនជាងពេលមុន ថ្ងៃនេះក៏មានក្រសួងស្ថាប័ននានាបានមកជួបជុំគ្នានៅទីនេះ រាប់អ្នកនាំពាក្យនៃស្ថាប័នទាំងនោះផងដែរ ខ្ញុំក៏សូមគួរតែនិយាយទៅកាន់ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ក៏ដូចជាអាជ្ញាធរថ្នាក់ក្រោមជាតិ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវរបស់ខ្លួននោះទេ»។
សម្តេចតេជោ បានបន្ថែមទៀតថា វានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើថ្នាក់ដឹកនាំស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចាត់ទុកអ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន ក្នុងនោះសម្តេចមិនជំទាស់ទេ ជាមួយនឹងសារព័ត៌មានខ្លះដែលមិនបានការ ប៉ុន្តែអ្នកសារព័ត៌មានដែលមានចេតនាល្អ ក្នុងការផ្តល់ព័ត៌មានជូនសាធារណៈជនដោយរឿងពិត ត្រូវគប្បីរាប់រក និងធ្វើទំនាក់ទងឱ្យបានល្អ ដើម្បីផ្សារភ្ជាប់ព័ត៌មានជាមួយព័ត៌មានដែលយើងធ្វើជូនទៅសាធារណជនឱ្យបានដឹង។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា «ប៉ុន្តែផ្នែកសារព័ត៌មានខ្លះបើគ្រាន់តែចេះជេរ ហើយមកសុំសម្ភាសជាមួយយើង ខ្ញុំគ្មានការចាំបាច់ដើម្បីជំនួបណាមួយនោះទេ រឿងនោះខ្ញុំមិនបន្ទោសជាមួយនឹងអស់លោកនោះទេ ក៏ប៉ុន្តែសារព័ត៌មានក្នុងប្រទេសរបស់យើង ដែលគេធ្វើការត្រឹមត្រូវគឺអស់លោកគួរត្រូវបានធ្វើទំនាក់ទំនង ហើយធ្វើខ្សែរយៈលឿនបំផុត ជួនកាលយើងអាចស្គាល់ព័ត៌មាននេះ ជួលកាលយើងអាចស្កាល់ព័ត៌មាននោះ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា មកដល់ពេលនេះនៅក្នុងទូរសព្ទដៃរបស់សម្តេច មានភ្ជាប់រួចជាស្រេចជាមួយបណ្តាញសារព័ត៌មានអនឡានជាច្រើនខ្សែ ដែលអាចជួយឱ្យសម្តេចបាន ដឹងព័ត៌មានទាំងតូចទាំងធំ រាប់ទាំងល្បែងស៊ីសងក៏បានដឹងផងដែរ។
សម្តេចបានអះអាងដែរថា សម័យនេះជាសម័យឌីជីថល ជាសម័យដែលមិនចាំបាច់អានកាសែតនោះទេ យើងអាចមើលព័ត៌មានតាមប្រព័ន្ធអនឡាញលើទូរសព្ទបានផងដែរ និងបានជំរុញឱ្យរដ្ឋមន្ត្រី រដ្ឋលេខាធិកា អនុរដ្ឋលេខាធិកា នៅតាមក្រសួងស្ថាប័ននីមួយៗ រួមទាំងអាជ្ញាធរមូលដ្ឋាន គួរតែភ្ជាប់បណ្តាញព័ត៌មានតាមប្រព័ន្ធតេលេក្រាម នៅលើទូរសព្ទរបស់ខ្លួន ដើម្បីទទួលបានអ្វីដែល មានប្រយោជន៍ផងដែរ៕