(ភ្នំពេញ)៖ អ្នកជំនាញផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រ មកពីប្រទេសសឹង្ហបុរី លោកស្រី Chern Hui Shan អ្នកប្រឹក្សាអប់រំ កម្មវិធីសិក្សាអន្តរជាតិខេមប្រ៊ឺដ និងជាគ្រូឧទ្ទេសមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត បានធ្វើការចែករំលែកចំណេះដឹងថ្មីៗ លើការបង្រៀនផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រដល់លោកគ្រូ អ្នកគ្រូ ទាំងនៅស្ថាប័ន និងផ្នែកឯកជននៅកម្ពុជា ឱ្យស្របតាមស្ទង់ដារអន្តរជាតិ តាមរយៈកម្មវិធីសិក្សា Cambridge។

សិក្ខាសាលាចែករំលែកចំណេះដឹងនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ ហ៊ីម៉ាវារី ក្រោមវត្តមាន លោក ស៊ាង សុបញ្ញា អគ្គនាយកសាលាអន្តរជាតិអាស៊ាន និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនប្រមាណ៦០នាក់ និងបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុនអន្តរជាតិ DIP Education Solution Cambidia ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសឹង្ហបុរី។

បើតាមលោក ទូច ពុទ្ធី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះគឺដើម្បីបង្កើនគុណភាពនៃបង្រៀនមុខវិទ្យាវិទ្យាសាស្ត្រ និងគណិតវិទ្យា បន្ថែុមទៅលើអ្វីដែលអ្វីៗដែលលោកគ្រូ អ្នកគ្រូនៅក្នុងប្រទេសកម្ពុជាមានពេលបច្ចុប្បន្ន និងដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែបានល្អប្រសើរទៅមុខ ឱ្យស្របតាមបច្ចេកវិទ្យាថ្មីនាពេលបច្ចុប្បន្ននេះ ជាពិសេសស្របតាមស្ទង់ដារអន្តរជាតិរបស់ចក្រភពអង់គ្លេសកម្មវិធីសិក្សា Cambridge។

ពាក់ព័ន្ធនឹងការរៀនគណិតវិទ្យា និងវិទ្យាសាស្ត្រនេះដែរលោក ស៊ាង សុបញ្ញា បានថ្លែងដែរថា «បើយើងក្រឡេកទៅមើលការរៀនរបស់សិស្សវិញ សិស្សភាគច្រើនគាត់អស់សូវចូលចិត្តរៀនគណិតវិទ្យា និងវិទ្យាសាស្ត្រនោះទេ ដោយគាត់គិតថាវាលំបាក តែតាមពិតវាមិនមែនលំបាកនោះទេ ទោះបីវាលំបាកតែយើងមានគ្រូ ដែលជាអ្នកសម្របសម្រួល និងជាអ្នកជួយបំផុសស្មារតីកូនសិស្ស នឹងជួយបង្ហាញផ្លូវរបស់កូនសិស្សតាមវិធីទំនើប តាមវិធីសាស្រ្ត ដែលរៀនផ្អែកលើកសកម្មភាព ផ្អែកលើដំណោះស្រាយ ចឹងមិនមែនត្រូវរៀនដោយសារតែគណនានោះទេ ចឹងគឺយើងបណ្តុះទាំងស្មារតីកូនសិស្សផង ទាំងវិធីសាស្ត្របង្រៀនផង»

លោក ស៊ាង សុបញ្ញា បានបន្ថែម ការចែករំលែកចំណោះដឹងបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ របស់វាគ្មិនមកពីសិង្ហបុរី សម្រាប់គ្រូនៅក្នុងប្រទេសយើងនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ សម្រាប់គ្រូបង្រៀន នៅក្នុងស្រុករបស់យើង អាចទទួលបានចំណោះដឹងថ្មីៗ ពីការបង្រៀនគណិតវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងប្រទេសសិង្ហបុរី និងអាចទាញយកនូវបទពិសោធន៍ថ្មី មកបញ្ជូនក្នុងការបង្រៀននៅក្នុងស្រុករបស់យើងបានផងដែរ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យកូនសិស្ស ចាប់អារម្មណ៍ក្នុងការរៀន និអាចរៀនបានឆាប់ចេះចាំល្អ។

នាឱកាសនោះដែរលោកស្រី Chern Hui Shan បានឱ្យដឹងថា ដើម្បីឱ្យការបង្រៀនកាន់តែល្អ និងធ្វើយ៉ាងណាឱ្យមានការពន្យល់សិស្សឆាប់បានយល់ ដាច់ខាតត្រូវតែតែមានសៀវភៅល្អៗ ដែលមានការវិវឌ្ឍទាន់សម័យកាល និងត្រូវមានឯកសារ និងសម្ភារគ្រប់គ្រាន់ ដើម្បីយកមកធ្វើការសិក្សា និងបង្រៀន រួមទាំងការពិសោធន៍ជាក់ស្តែង ទើបធ្វើកូនសិស្ស អាចឆាប់ឆាប់បាន និងរៀនសូត្រឆាប់ចេះចាំ។ គ្រូក៏ត្រូវមានការរៀបចំមេរៀនទុកជាមុនឱ្យបានល្អ ដោយបូករួមទាំងការពន្យល់ពីចំនុចមួួយទៅចំនុចមួយទៀតឱ្យបានស៊ីគ្នា ទើបកូនសិស្សអាចងាយយល់ពីមេរៀន។

លោកស្រី Chern Hui Shan បានបន្ថែមទៀតថា ដើម្បីឱ្យដំណើរការបង្រៀនបានល្អ និងសិស្សអាចឆាប់យល់ ជាក់ស្តែងត្រូវមានការបង្រៀនមេរៀនតិច តែមានការអនុវត្តន៍មេរៀនឱ្យបានច្រើន ក្នុងនោះដែរទាមទារឱ្យមានកម្មភាពសួរឆ្លើយរវាងគ្រូ និងសិស្ស ឱ្យបានច្រើនទើបធ្វើឱ្យសកម្មភាពនៃការបង្រៀននេះអាចដំណើរការដោយរលូនបាន។

ជាមួយនោះលោកស្រី ប​ន្ថែមថា ការរៀននិងបង្រៀនដោយមានឯកសារគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់លោកគ្រូ និងសិស្ស ក្នុងនោះដែរការប្រើប្រាស់សៀវភៅបច្បាប់ដើម ក៏ជាផ្នែកមួយជួយដល់សិស្សឱ្យទទួលបានចំណោះដឹងបន្ថែមបានដែរដោយហេតុថា សៀវភៅច្បាប់ដើម គឺមានប្រភពច្បាស់លាស់ និងសំបូរបែបសម្រាប់សិស្ស និងគ្រូ ក្នុងការស្រាវជ្រាវបន្ថែមឱ្យបានច្រើនផងដែរ។

ជាមួយគ្នានោះដែរលោកគ្រូ អៃ សុខ គ្រូបង្រៀននៅវិទ្យាល័យក្រែក ខេត្តត្បូងឃ្មុំ ដែលជាសិក្ខាកាមដែលបានចូលរួមក្នុងសិក្សាសាលានេះ បានឱ្យដឹងដែរថា សិក្សាសាលាចែករំលែកពីចំណោះដឹងផ្នែកបង្រៀន គណិតវិទ្យា និងវិទ្យាសាស្ត្រនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង តាមរយៈការជួយបង្កើនដល់សមត្ថភាពរៀន និងបង្រៀនរបស់គាត់បន្ថែមទៀត ពិសេសគាត់ក៏អាចចាប់យកចំណុចល្អៗដើម្បីទៅបង្រៀនដល់សិស្ស និងជួយធ្វើឱ្យអាចទទួលបានលទ្ធផលសិក្សាកាន់តែល្អប្រសើរឡើង និងអាចមានសមត្ថភាពសមាមាត្រស្មើនឹងតំបន់ផងដែរ។

បន្ថែមពីនេះលោកគ្រូ អៃ សុខ ក៏បង្ហាញបំណងចង់ឱ្យមានការរៀបចំសិក្សាសាលានេះឱ្យបានច្រើនវគ្គបន្ថែមទៀត ព្រោះសិក្ខាសាលាមួយនេះវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកអប់រំ ហើយបន្ទាប់ពីផ្តល់ផ្លែផ្លាដល់អ្នកអប់រំហើយនោះ នឹងអាចផ្តល់ចំណេះដឹងដល់សិស្ស និងជួយធ្វើឱ្យសង្គមមានការរីកចំរើនផងដែរ៕