(ភ្នំពេញ)៖ ជនជួញដូរគ្រឿងញៀន៣នាក់ ថ្នាំញៀន១៥កញ្ចប់ និងម៉ូតូ១គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដែលឈរជើងដាក់គោលដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាប និងឃាត់ខ្លួនបាននៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៦នេះ ស្ថិតនៅចំណុចទល់មុខឃ្លាំងសាំង សូគីម៉ិច ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោក តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ថា «ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើឡើង ខណៈដែលកម្លាំងសមត្ថកិច្ច យើងកំពុងបន្តត្រួតពិនិត្យ ក៏ប្រទះឃើញពួកគេជិះម៉ូតូ ដោយមានការសង្ស័យ ក៏ឃាត់ និងធ្វើការឆែកឆេរកឃើញថ្នាំញៀន ចំនួន១៥កញ្ចប់តូច ដែលជនទាំងនេះបានរក្សាទុក បម្រុងយកទៅធ្វើសកម្មភាពជួញដូរ»

ជាមួយគ្នានោះ កម្លាំងនគរបាល បានដកហូតម៉ូតូ១គ្រឿង ម៉ាកសង់ឌ្រីសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CP-7756 ដែលជនសង្ស័យទាំង៣នាក់ ជិះធ្វើសកម្មភាពផងដែរ។

លោក តូច គឹមសុង បានបញ្ជាក់ទៀតថា ជនសង្ស័យទី១-ឈ្មោះ ភាព ភ័ក្រ អាយុ២២ឆ្នាំ មានមុខរបរមើលគោ ស្នាក់នៅភូមិត្រាចនង ឃុំខ្សេមខ្សាន ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ តៃ ហ៊ីង (ហៅញ៉ាញ់) អាយុ២២ឆ្នាំ មានមុខរបរកម្មករសំណង់ និងទី៣-ឈ្មោះ វន ធឿន (ហៅវនថុន) អាយុ២៨ឆ្នាំ មានមុខរបរកម្មកររោង ម៉ាស៊ីន។

បច្ចុប្បន្នជនត្រូវជាប់សង្ស័យជួញដូរថ្នាំញៀនទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ ធ្វើការបញ្ជូនទៅសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ៕