(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប៣៨ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្ត្រី។ នេះបើតាមលិខិតជូនពរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសារលិខិតជូនពរ បានសរសេរថា «ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តម ខួបលើកទី៣៨ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់សម្ដេចតេជោ នាថ្ងៃសៅរ៍ ៨រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្ញុំបាទសូមសម្តែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរនូវសព្វសាធុការពរជ័យ សិរីមង្គលដ៏មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចតេជោ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយ៉ឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទសូមសម្ដែងនូវមោទនភាព និងការគោរពកោតសរសើរដ៏ស្មោះជូនចំពោះសម្ដេចតេជោ ដែលជាឥស្សរជនខ្មែរដ៏ឆ្នើមមួយរូបបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតីដឹកនាំប្រទេសកម្ពុជាទទួលបានជោគជ័យ និងភាពសម្បូររុងរឿងជាបន្តបន្ទាប់តរៀងមក។

រយៈពេល៣៨ឆ្នាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈៀសវ និងភាពអង់អាចរបស់សម្ដេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបានក្នុងការរំដោះប្រទេសជាតិចេញផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះ-ឈ្នះ បាននាំមកនូវឯកភាពជាតិទាំងស្រុង ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជូនប្រជាជន និងមាតុភូមិទាំងមូល។

ជាថ្មីម្ដងទៀត ខ្ញុំបាទសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវមហាប្រសើរ គ្រប់ប្រការជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ»៕