(កណ្តាល)៖ លោក គង់ វិបុល អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល តំណាងលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១- ២៨ មិថុនា ឆ្នាំ២០១៦។
ក្នុងឱកាសនោះ លោក គង់ វិបុល បានសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈពង្រឹងការងារប្រកបដោយភាពស្និទ្ធស្នាល និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមាជិកក្រុមបក្ស ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយដល់គណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជន បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីសង្គ្រោះជាតិ ឲ្យមានជីវិតរស់ឡើងវិញ និងដឹកនាំ ការពារមាតុភូមិឲ្យស្ថិតស្ថេរគង់វង្ស ការពារ មិនមានការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ព្រមទាំងបានដឹកនាំការស្ថារ អភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោក គង់ វិបុល បានគូសបញ្ជាក់ពីការដឹកនាំឈ្លាវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានរក្សាស្ថេរភាពប្រទេស ទប់ស្កាត់នូវបដិវត្តន៍ព័ណ៌ ដែលប៉ុនប៉ងធ្វើឲ្យប្រទេសរលំរលាយ ពីសំណាក់ជនមួយចំនួន ដែលទង្វើនេះ គឺជាយកគំរូពីបណ្តាប្រទេសខ្លះៗ នៅលើសកលលោក។
លោក គង់ វិបុល បានថ្លែងថា រាជរដ្ឋាភិបាលបានប្រកាន់ យកនូវវិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមផ្លូវច្បាប់ ដើម្បីការពារឲ្យខាងតែបាន នូវសុខសន្តិភាព ទោះបីត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
បើទោះបីជាយ៉ាងណា លោក គង់ វិបុល ក្នុងនាមជាគណៈពង្រឹងមូលដ្ឋានស្រុកល្វាឯម បានអំពាវនាវសមាជិក សមាជិកា និងក្រុមការងារទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងទុក្ខលំបាកជូនប្រជាពលរដ្ឋ ក៏ដូចជាកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ ជូនប្រជាពលរដ្ឋ។ ការខិតខំទាំងអស់នេះ គឺដើម្បីបង្កើនប្រជាប្រិយភាពបក្ស និងទទួលនូវកាគាំទ្រឲ្យកាន់តែខ្លាំង ក្លាថែមទៀតឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ក៏ដូចបោះឆ្នោតជ្រើសតំណាងរាស្រ្ត នៅឆ្នាំ២០១៨៕