(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ នាយករងខុទ្ទការល័យសម្តេចក្រឡាហោម ស ខេង ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបជាមួយតំណាងប្រជាជនចំនួន០២ភូមិ ដោយឡែកពីគ្នា គឺភូមិតាម៉ា និងភូមិស្វាយតានី ដើម្បីសម្របសម្រួលទំនាស់ ព្រមទាំងដោះស្រាយបញ្ហា និងក្តីកង្វល់នានា។

លោក អ៉ីវ លាង បានសំដែងការកោតសរសើរដល់លោកភូមិតាម៉ា ដែលចូលរួមដោះស្រាយជាហូហែ នេះបើតាមសេចក្តីរាយការណ៍ពីលោកមេភូមិថាមានករណីទំនាស់ព្រំដី ទំនាស់នឹងការធ្វើប្រឡាយទឹក នៅឡើយតែដើមត្នោតប៉ុន្មានដើមលើចំណីផ្លូវដែលមិនទាន់បានដោយម្ចាស់ពុំបានចូលរួមសហការជាមួយភូមិ។ ករណីដើមត្នោតនេះ ប្រជាជនបានសំដែងការមិនពេញចិត្តជាខ្លាំង បានសំណូមពរស្នើសុំឱ្យគាស់ចេញដោយសារវាប៉ះពាល់ដល់ប្រជាជនរស់នៅ និងការធ្វើដំណើរ លោកបានស្នើដល់ភូមិ ឃុំសម្របសម្រួលជាមួយម្ចាស់បន្តទៀត តែករណីនេះ លោកបានសន្យានឹងដោះស្រាយបើប៉ះពាល់ប្រយោជន៍សាធារណៈ។

ទន្ទឹមនឹងនេះ លោក អ៉ីវ លាង បានគូសបញ្ជាក់ថា ការដោះស្រាយទាំងឡាយត្រូវផ្អែកតាមផ្លូវច្បាប់ និងឈ្នះៗ-ឈ្នះ ទាំងអស់គ្នា។

ចំពោះបញ្ហាទឹកមិនគ្រប់គ្រាន់នៅភូមិស្វាយតានី លោក អ៉ីវ លាង បានស្នើប្រជាពលរដ្ឋរាយការណ៍មកភូមិ ឃុំ ដើម្បីបន្តរាយការណ៍ទៅស្រុក និងខេត្តរកដំណោះស្រាយ។

ជាមួយគ្នានេះ លោកបានស្នើប្រជាពលរដ្ឋសហការរាយការណ៍ព័ត៌មានពិត ដើម្បីរួមគ្នាគិតរួមគ្នាកែលម្អទៅវិញទៅមក រវាងអាជ្ញាធរ និងប្រជាជន ជាពិសេសគ្រឿងញៀន សូមកុំលាក់បាំងវានាំគ្រោះមហន្តរាយមិនត្រឹមតែបុគ្គលញៀនផ្ទាល់ និងថែមទាំងសង្គមជាតិទៀត ដូច្នេះ សូមចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ប្រជាជនជាអ្នករាយការណ៍ អាជ្ញាធរជាអ្នកប្រតិបត្តិការ ក្នុងពេលនោះ លោក អ៉ីវ លាង បានជំរុញឱ្យផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពដល់ប្រជាជន និងបម្រើសេវាសាធារណៈឱ្យកាន់បានល្អ។

លោកបានថ្លែងអំណរគុណជាខ្លាំងដល់ប្រជាជនភូមិទាំងពីរ ក៏ដូចជាឃុំទាំងមូល ដែលជានិច្ចកាលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយលោកសង្ឃឹមជឿជាក់ថា ឆ្នាំ២០២៣នេះ បងប្អូននឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដណ្តើមបានជ័យជន្នះ ដើម្បីបន្តដឹកនាំអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត៕