(ភ្នំពេញ)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំប្រជុំក្រុមការងារយុវជនបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៣។

ក្នុងឱកាសនោះផងដែរ លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ឲ្យបានរួចផុតពីរបបប្រជាធិបតេយ្យក្លែងក្លាយ ប៉ុល ពត ពីការកាប់សម្លាប់ ធ្វើទារុណកម្ម ព្រាត់ប្រាសគ្រួសារ ឲ្យបានរស់រានមានជីវិត ជួបជុំគ្រួសារ និងរស់នៅមានសេរីភាព ព្រមទាំងបានកសាងប្រទេសពីបាតដៃទទេ ពីគំនរផេះផង់ រហូតដល់មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្លាយជាប្រទេសមួយជឿនលឿនក្នុងតំបន់ ធ្វើឲ្យប្រជាលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារអាចប្រកបរបរទទួលទានតាមសមាជីវោ ក្រោមម្លប់សន្តិភាព។

លោកបន្តទៀត លោកបានផ្តាំផ្ញើដល់ក្រុមការងារយុវជន ឲ្យខិតខំយកចិត្តទុកដាក់បន្ថែមទៀត លើការងារសង្គម ចុះជួយតាមមូលដ្ឋាន ជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាលរដ្ឋ បន្តចូលរួមផ្សព្វផ្សាយ ចែករំលែកនូវបទិសោធន៍ ក៏ដូចជាចំណេះដឹងថ្មីៗ ដល់យុវជនគណបក្សឲ្យបានទូលំទូលាយ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យកាន់តែមានជំនឿជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រប់ៗអាណតិ្ដ និងគាំទ្រ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលអនាគត ដើម្បីការអភិវឌ្ឍន៍ប្រទេស និងថែរក្សាសន្តិភាព ឲ្យបានគង់វង់ជានិច្ចនិរន្តន៍។

លោក ណុប រ័ត្ននិមល បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារយុវជនបានបំពេញការងារជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដ៏ច្រើនលើសលប់ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ផង៕