(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ដារប្រព័ន្ធលូ ផ្លូវបេតុង និងផ្លូវដែលមិនទាន់ស្ថាបនា នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញការអភិវឌ្ឍន៍គ្រប់វិស័យ ឲ្យស្របតាមយុទ្ធសាស្រ្ដ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ លោក សួន បវរ បានថ្លែងថា «ប្រទេសកម្ពុជាយើង ជាប្រទេសមួយបានឆ្លងកាត់សមរភូមិប្រយុទ្ធ កាប់សម្លាប់ខ្មែរនិងខ្មែរអស់រយៈ ពេល៣ឆ្នាំ៨ខែ២០ថ្ងៃ ជាក់ស្តែង ខេត្តបន្ទាយមានជ័យយើងនេះ ជាខេត្តបង្កើតក្រោយគេ ហើយក៏ឈានជំហានដ៏ល្អក្នុង ផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ខ្លាំងជាលំដាប់»។
លោកបានបន្តថា ក្រុងប៉ោយប៉ែតនេះ គឺមានការអភិវឌ្ឍន៍ខ្លាំងលឿនជាងតាមបណ្តាស្រុក-ក្រុងដ៏ទៃ ដូចជា ផ្លូវបេតុងជាច្រើនខ្សែរ មានតំបន់សេដ្ឋកិច្ចជាពិសេស មានផ្សារតូចធំជាច្រើនកន្លែង និងមានផ្ទះល្វែង បុរីផ្សេងជាច្រើន ដែលមិនអាចប៉ាន់ស្មានបានឡើយ៕