(ភ្នំពេញ)៖ លោក សោម អូន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានកិត្តិយសសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានអំពាវនាវដល់បងប្អូនសមាជិក សមាជិកា សហជីពកម្មករ បន្តចូលរួមជាមួយមហាគ្រួសារ ស.ស.យ.ក ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសន្តិភាពកម្ពុជា មិនថាបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យកម្ពុជា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។
ការអំពាវនាវបែបនេះ របស់លោក សោម អូន បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិញ្ញាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់កណ្តាល ស.ស.យ.ក ដោយមានការចូលរួមពីប្រធានសហភាពសហព័ន្ធសហជីព ប្រធានសហព័ន្ធសហជីព ប្រធានអង្គការសមាគម ប្រធានសហជីពមូលដ្ឋាន សកម្មជនសហជីព ដែលជាសមាជិកសមាជិកាសភាសម្ព័ន្ធសហជីពជាតិកម្ពុជា អញ្ជើញមកពីបណ្តារោងចក្រ សហគ្រាសទូទាំងខេត្តក្រុង ចំនួន៣១៥នាក់។
លោក គឹម ចាន់សំណាង សមាជិកគណកម្មាធិការកណ្តាលសហភាពសព័ន្ធយុវជន និងជាអនុប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអានទាំងស្រុងនូវសេចក្តីសម្រេចចិត្តមហាសន្និបាតវិញ្ញាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជូនអង្គពិធីជ្រាប និងអនុវត្ត។
លោក សួង ហួត ប្រធានសហភាសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ថា លោកពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយណាស់ ដែលខ្ញុំបាទបានចូលជាសមាជិក នីតិបុគ្គល ស.ស.យ.ក។
កន្លងមក NACC បានចូលរួមចំណែកយ៉ាងសកម្មជាមួយ ស.ស.យ.ក នៅក្នុងក្របខណ្ឌ NACC ក្នុងនោះ NACC បានធ្វើសកម្មភាពជាច្រើន៖
ទី១៖ បញ្ជ្រាបការយល់ដឹងពី ស.ស.យ.ក ដល់កម្មករ
ទី២៖ ចូលរួមជាកម្លាំងរាល់ព្រឹត្តិការណ៍ជាតិធំៗដែល ស.ស.យ.ក បានរៀបចំ
ទី៣៖ បំផុសចលនាកម្មករឱ្យចូលរួមក្នុងការងារមនុស្សធម៌ ការងារសង្គមក្នុងនាម ស.ស.យ.ក-NACC
ទី៤៖ ការដោះស្រាយ និងសម្របសម្រួលវិវាទការងារនៅកន្លែងការងារ តាមរយៈក្រុមការងារសហជីពមូលដ្ឋាន ដែលជាសមាជិក សសយក NACC ធ្វើឱ្យកន្លែងការងារមានសុខសន្តិភាព សុវត្ថភាព និងភាពសុខដុម
ទី៥៖ អប់រំផ្សព្វផ្សាយ អំពីច្បាប់ ប្រកាស សេចក្តីណែនាំ និងបទបញ្ញត្តិទាំងឡាយរបស់រាជរដ្ឋាភិបាល និង ស.ស.យ.ក
ទី៦៖ ចេញសេចក្តីថ្លែងការណ៍ និងញ្ញាតិគាំទ្រនានាដើម្បីគាំទ្រដល់គោលនយោបាយ សេចក្តីសម្រេច និងប្រកាសនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគាំទ្រ ស.ស.យ.ក
ទី៧៖ ចុះសួរសុខទុក្ខ ឧបត្ថម្ភជាថវិកានិងសម្ភារៈ គ្រឿងឧបភោគបរិភោគដល់សមាជិកពេលមានធុរៈ ដូចជា៖ ស្ត្រីសម្រាលកូន គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ មរណភាព គ្រួសារមានទុក្ខលំបាក ជំងឺផ្ទាល់ខ្លួន
ទី៨៖ កសាង ចងក្រងសមាជិកភាពដែលជាថ្នាក់ដឹកនាំសហជីពមូលដ្ឋានតាមរោងចក្រ សហគ្រាស
ទី៩៖ បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះព្យបាលជំងឺកម្មករ ដោយឥតគិតថ្លៃ។ល។
លោក សោម អូន បានថ្លែងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ានី ជាប្រធាន គឺ ស.ស.យ.ក. មានការគាំទ្រ និងចូលរួមយ៉ាងច្រើនពីសំណាក់យុវជនកម្ពុជា ដើម្បីក្នុងការរួមចំណែកជួយដល់សង្គមជាតិតាមរយៈការងារស្ម័គ្រចិត្ត។
លោកបន្ថែមថា ប្រធាន ហ៊ុន ម៉ានី ធ្លាប់បានលើកជាសំណួរបំផុសថា «ហេតុអ្វីមាន ស.ស.យ.ក.? ហេតុអ្វីបានជាយើងត្រូវប្រមូលផ្ដុំ? ហេតុអ្វីបានជាយើងត្រូវស្ម័គ្រចិត្តក្នុងបុព្វហេតុសង្គម?»។
ឆ្លើយតបចំពោះសំណួរខាងលើ លោកប្រធាន ហ៊ុន ម៉ានី លោកបានសង្កត់ធ្ងន់ថា «ការងារ តួនាទី និងតម្រូវការជីវភាពផ្សេងៗគ្នារបស់យើង ងាយណាស់នឹងអាចនាំយើងឱ្យដើរផ្លូវផ្សេងគ្នា និងឆ្ងាយពីគ្នា។ ហេតុនេះបានជាយើង ត្រូវរិះរកបុព្វហេតុ ដែលយើងអាចធ្វើរួមគ្នា មានការឯកភាពគ្នាឆ្ពោះទៅទិសដៅរួមគ្នា។ នោះជាបេសកកម្ម ស.ស.យ.ក. ហើយនោះជា «ក្ដីសង្ឃឹម» ក្នុងនាមខ្ញុំជាខ្មែរផង និងក្នុងនាមជាប្រធានស្ថាប័ននេះផង។ យើងធ្វើជាប្រយោជន៍សង្គម និងដើម្បីជាការដឹងគុណដល់អ្នកទាំងឡាយណា ដែលលះបង់ដើម្បីខ្មែរ»។
លោក សោម អូន បានបន្តថា ក្រោមម្លប់សន្ដិភាព ដែលជាសម្ធិផលដ៏ថ្លៃថ្លានៃនយោបាយឈ្នះ-ឈ្នះ សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពជាច្រើន ក្នុងការប្រមូលផ្ដុំយុវជនពីគ្រប់មជ្ឈដ្ឋានចូលរួមជាធ្លុងមួយដើម្បីបុព្វហេតុសង្គមក្នុងការថែរក្សា ការពារ និងលើកស្ទួយវិស័យនានាដូចជា៖ សិល្បៈ វប្បធម៌ ទំនៀមទំលាប់ប្រពៃណី អប់រំ កីឡា ទេសចរណ៍ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា សុខមាលភាពជាដើម។
លោក សោម អូន បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកសមាជិកាសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC ) ត្រូវ៖
ទី១៖ ចូលរួមអនុវត្តនូវខ្លឹមសារនៃសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី២៖ បន្តចូលរួមឱ្យសកម្មថែមទៀត នូវរាល់សកម្មភាពរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការចូលរួមចំណែកបម្រើការងារសង្គម ដើម្បីបុព្វហេតុជាតិ មាតុភូមិ។
ទី៣៖ បន្តចូលរួមថែរក្សា និងការពារនូវស្នាដៃសមិទ្ធផល និងបុព្វហេតុរបស់យុវជនជំនាន់មុន។
និងទី៤៖ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ឯកភាព និងប្តេជ្ញាចិត្ត ក្នុងនាមសមាជិក សមាជិកា និងក្នុងនាមមហាគ្រួសារខ្មែរ ក្នុងការការពារអធិបតេយ្យភាព ស្ថេរភាព និងសន្តិភាពប្រទេសកម្ពុជា មិនថាបច្ចុប្បន្ន និងទៅអនាគត៕