(រតនគិរី)៖ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បង្កើនកិច្ចសហការផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀត ព្រមទាំងជំរុញផលិតកម្មកសិកម្មស្របតាមសក្តានុពលក្សេត្របរិស្ថាន និងតម្រូវការទីផ្សារត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញតាមការអនុសាន៍ណែនាំរបស់លោករដ្ឋមន្រ្ដី ឌិត ទីណា។
ការណែនាំបែបនេះ របស់លោក ហ៊ាន វណ្ណហន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោករដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។
នាឱកាសនោះដែរ លោក ហ៊ាន វណ្ណហន បានស្នើឱ្យមន្ទីររក្សារបបប្រជុំប្រចាំត្រីមាសឱ្យបានទៀងទាត់ ផ្ដល់របាយការណ៍ប្រចាំសប្ដាហ៍ និងលើកយោបល់ឆ្លើយតបទៅនឹងបញ្ហាសំខាន់ៗ និងបន្ទាន់ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
លោករដ្ឋលេខាធិការ ក៏បានបំពាក់មេដាយការងារលើកទឹកចិត្ដជូនដល់ថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ដជូនជាតិមាតុភូមិ ចំនួន១៤រូប (ស្រីចំនួន ៤រូប) ក្នុងនោះ៖ មេដាយសុត្ថារាថ្នាក់មហាសេនា ១រូប, មេដាយសុត្ថារាថ្នាក់ធិបឌិន្ទ ១រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ៣រូប, មេដាយមាស ២រូប, មេដាយប្រាក់ ១រូប និងមេដាយសំរឹទ្ធ ៦រូបផងដែរ៕