(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានជំរុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ធ្វើសកម្មភាពផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជាពិសេសត្រូវ ប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរជននានាឱ្យចំគោលដៅនៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឱ្យសប្បុរសជនមានទឹកចិត្តចូលរួមឧបត្ថម្ភ ដល់ចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប។
ការជំរុញបែបនេះ របស់លោក ទៀ សីហា បានធ្វើឡើងនៅក្នុងឱកាសលោករួមជាមួយលោកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ឆ្នាំ២០២២ និងលើកផែនការ ឆ្នាំ២០២៣ នារសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រីប្រតិបត្តិសាខាចូលរួមផងដែរ។
កិច្ចប្រជុំនេះដែរ បានលើរបៀបវរៈមួយចំនួនក្នុងការឆ្លង និងអនុម័តរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ និង ការអនុម័តរបាយការណ៍ថវិកាឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ព្រមទាំងត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាកាកបាទក្រហមអឌ្ឍចន្ទក្រហម នៅខេត្តសៀមរាប។
យោងតាមការបញ្ជាក់របស់លោក ស៊ុំ សំអន នាយកសាខា បានអាននូវរបាយការណ៍សរុបលទ្ធផលសកម្មភាពសាខាឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដើម្បើដាក់ឆ្លង និងអនុម័តរួចមក, លោក ចយ សឿត បានធ្វើបទបង្ហាញពីរបាយការហិរញ្ញវត្ថុឆ្នាំ២០២២ និងផែនការថវិកាឆ្នាំ២០២៣ ដើម្បីដាក់ឆ្លង និងអនុម័តផងដែរ។ បន្ទាប់ពីអនុម័តលើរបាយការណ៍ទាំងពីរមក អង្គប្រជុំបានពិភក្សាលើការត្រៀមប្រារព្ធខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលសកម្មភាពការងារប្រចាំឆ្នាំ២០២២ និងការដាក់ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ របស់គណៈកម្មាធិការសាខា ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗមួយចំនួន ក្នុងការគៀងគរមូលនិធិពីសប្បុរសជន ក្នុងការទ្រទ្រង់ចលនាមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
លោក ទៀ សីហា បានលើកឡើងថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹកពង្រីកសម្មភាពនៃចលនាកាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះបំផុត។
ជាមួយគ្នានេះដែរ លោក ទៀ សីហា បានបន្តថា ផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តផងដែរ។
ទន្ទឹមនឹងនោះដែរ លោក ទៀ សីហា ក៏បានជំរុញដល់សាខា ក៏ដូចអនុសាខា ក្រុង ស្រុក ផ្សព្វផ្សាយបល់ប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលឱ្យបានជាប្រចាំ ទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសជំរុញក៏ដោយ ជាពិសេសត្រូវបន្តផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ជើងគោក នៅគ្រប់គ្រឹះស្ថានសិក្សា តាមរយៈយុវជនកាកបាទក្រហមកម្ពុជា ក៏ដូចនៅតាមមូលដ្ឋានផងដែរ។
សូមបញ្ជាក់ផងដែរ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានលើកផែនការ គឺបានយកយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ជាគោលដោយផ្ដោតលើវិស័យអាទិភាពចំនួន៤ គឺទី១៖ វិស័យអាទិភាពការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ទី២៖ វិស័យអាទិភាពសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ទី៣៖ វិស័យអាទិភាពលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និងទី៤៖ វិស័យអាទិភាពអភិវឌ្ឍស្ថាប័ន និងធនធានផងដែរ៕