(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នាំយកទៅចែកជូនស្រី្ដសម្រាលកូន គ្រួសារអ្នកមរណភាព៥១នាក់ ក្នុង២ឃុំ នៅស្រុកថ្មគោល នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
អំណោយជាថវិកា ដែលយកទៅចែកជូនប្រជាពលរដ្ឋ ខាងលើនេះមានប្រមាណ១០លាន២សែនរៀល ត្រូវបានយកទៅចែកជូនស្រ្តី សម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាព ចំនួន៥១នាក់។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជារហូតមក។
ជាងនេះទៅទៀត លោកក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅនិងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែក សម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ៤៥នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខសម្រាប់ទារកប្រើប្រាស់ផងដែរ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងពីរឃុំ ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និងសម្ភារចែកជូនពួកគាត់ដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ៕