(កណ្តាល)៖ លោកស្រី ឃួន សុដារី សមាជិកគណ:អចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:អចិន្រ្តៃយ៍ ពង្រឹងការងារស្រុកលើកដែក បានថ្លែងដាស់តឿន និងជំរុញដល់ក្រុមការងារគណៈពង្រឹង ស្រុកលើកដែកទាំងអស់ ខិតខំប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ ដើម្បីពង្រឹងប្រជាប្រិយភាព សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលជោគជ័យសម្រាប់ការបោះឆ្នោត។
ការថ្លែងជំរុញរបស់លោកស្រី ឃួន សុដារី បានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនឃុំ ខ្ពបអាទាវ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និង ពិធីប្រកាសកែសម្រួលភារកិច្ចភារកិច្ច និងតែងតាំងគណៈពង្រឹងមូលដ្ឋានថ្មី។
នៅក្នុងពិធីនោះ លោកស្រី ឃួន សុដារី បានឡើងថ្លែងសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈពង្រឹងការងារប្រកបដោយភាពស្និទ្ធស្នាល និងបានសម្តែងនូវការនឹករលឹកផងដែរ។ លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមាជិកក្រុមបក្ស ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយដល់គណបក្សប្រជាជនកម្ពុជា។
លោកស្រី បានគូសបញ្ជាក់ពីការដឹកនាំឈ្លាវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាស្ថេរភាពប្រទេស ជាពិសេសការទប់ស្កាត់នូវបដិវត្តន៍ព័ណ៌ ដែលប៉ុនប៉ងធ្វើឲ្យប្រទេសរលំរលាយពីសំណាក់ជនមួយចំនួន ដែលទង្វើនេះ គឺជាយកគំរូពីបណ្តាប្រទេសខ្លះៗ នៅលើសកលលោក។
បើទោះបីជាយ៉ាងណា លោកស្រីប្រធានគណៈពង្រឹងការងារស្រុកលើកដែក បានអំពាវនាវសមាជិក សមាជិកា និងក្រុមការងារទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងទុក្ខលំបាកជូនប្រជាពលរដ្ឋ ក៏ដូចជាកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាប្រយោជន៍ ជូនប្រជាពលរដ្ឋ។ លោកស្រី បានបញ្ជាក់ថា ការខិតខំទាំងអស់នេះ គឺដើម្បីបង្កើនប្រជាប្រិយភាពបក្ស និងទទួលនូវកាគាំទ្រឲ្យកាន់តែខ្លាំង ក្លាថែមទៀតឈានទៅរកជ័យជម្នះ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១៧ ក៏ដូចបោះឆ្នោតជ្រើសតំណាងរាស្រ្ត នៅឆ្នាំ២០១៨។
នៅក្នុងពិធីសំណេះសំណាលនាព្រឹកមិញ លោកស្រី ឃួន សុដារី ក៏បានឧបត្ថម្ភដល់គណៈពង្រឹងបក្ស ១លានរៀល ឃុំខ្ពបអាទាវ និងសមាជិក ដែលចូលរួម ដោយម្នាក់ៗ ទទួលបានថវិកាចំនួន ២០,០០០រៀល៕