(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ គឺជារយៈពេល ៣៨ឆ្នាំហើយ (១៤ មករា ១៩៨៥-១៤ មករា ២០២២) ដែលបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន ត្រូវបានរដ្ឋសភា ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នៃរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ការទទួលបានតំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចបានបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការទេសរយៈពេល៦ឆ្នាំ ហើយក៏បានបំពេញតួនាទីជានាយករដ្ឋមន្ត្រីស្តីទីជាង៣ខែ ពេលលោក ចាន់ ស៊ី ចេញទៅព្យាបាលជំងឺ និងទទួលមរណភាពនៅទីក្រុងមូស្គូ ប្រទេសរុស្ស៉ី អតីតសហភាពសូវៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយជានាយករដ្ឋមន្ត្រីតាំងពីមានវ័យក្មេងជាងគេ (៣២ឆ្នាំ) ហើយបន្តកាន់តំណែងរហូតក្លាយជានាយករដ្ឋមន្ត្រី មានអាយុច្រើនជាងគេ ក្រោមការគាំទ្ររបស់ប្រជាពលរដ្ឋរូបនេះ ធ្លាប់បានឱ្យដឹងថា តំណែងជានាយករដ្ឋមន្ត្រីលើកដំបូង របស់សម្តេច ទទួលបានការគាំទ្ររបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ជាពិសេសគឺសម្តេច ហេង សំរិន, សម្តេច ជា ស៊ីម, លោក សាយ ភូថង និងលោក ជា សុទ្ធ។ល។

ការផ្តើមជីវិតជានាយករដ្ឋមន្ត្រីរបស់អតីតយុទ្ធជនឆ្លងកាត់ និងពុះពារសមរភូមិរាប់មិនអស់រូបនេះ ត្រូវប្រឈមការលំបាកជាច្រើនគ្រា ដែលប្រទេសត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច ដោយបណ្តាប្រទេសលោកសេរី និងមានការយាយីរំខានពីចលនាប្រយុទ្ធរបស់ទ័ពខ្មែរក្រហម ប៉ុនប៉ងកាន់កាប់ប្រទេសជាថ្មី។

ទសវត្សរ៍ឆ្នាំ៨០ ជាពេលដែលប្រទេសកម្ពុជា ត្រូវប្រឹងរើបម្រះជម្នះឧបសគ្គសព្វបែបយ៉ាង។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍។ ប្រជាពលរដ្ឋកម្ពុជា ក្រីក្រតោកយាកបំផុតពឹងតែលើការធ្វើស្រែចម្ការយកអង្កហូប និងការជួញដូរបន្តិចបន្តួចប៉ុណ្ណោះ មិនមានការធ្វើជំនួញជួញដូរអ្វីជាដុំកំភួននោះឡើយ។

ក្រៅពីបញ្ហាសេដ្ឋកិច្ចនៅមានបញ្ហាជាច្រើនទៀត ដូចការការអប់រំបណ្តុះបណ្តាលធនធានមនុស្ស និងការបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា សុទ្ធសឹងជារឿង ដែលនាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ ត្រូវពុះពារសម្រេចឱ្យខានតែក្នុងនាមជាអ្នកទទួលខុសត្រូវលើជោគវាសនាជាតិ និងប្រជាជន។

ទោះបីជាបញ្ហារាប់ម៉ឺនជំពូកយ៉ាងណាក្តី នាយករដ្ឋមន្ត្រីមានវ័យក្មេងតេជោ សែន បានប្រឹងប្រែងជម្នះឧបសគ្គ និងដោះស្រាយបញ្ហាជាបន្តបន្ទាប់។

លោកបណ្ឌិត គិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផលដ៏មានសារៈសំខាន់ចំនួន៩ ជូនប្រជាជាតិកម្ពុជា។ សមិទ្ធផលសំខាន់ៗទាំង៩នោះរួមមាន៖

ទី១៖ សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។

ទី២៖ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។

ទី៣៖ សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាង ស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុំព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។

ទី៤៖ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ទី៥៖ សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។

ទី៦៖ សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គស្ថាបនិកសន្តិភាពតែមួយគត់នៅក្នុងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍ជាប្រវត្តិសាស្ត្រចាប់ពីឆ្នាំ១៩៩៨មក។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុតសម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ទី៧៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេសដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែងខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។

ទី៨៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិលើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុតពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។

ទី៩៖ សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពសុាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។

សម្រាប់លោកបណ្ឌិត គិន ភាព, សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់សម្រាប់សង្គមកម្ពុជា។ ជាពិសេសទស្សនៈវិជ្ជាសន្តិភាព របស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា៕