(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់វិនិយោគិនកូរ៉េ ធ្វើយ៉ាងណា ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ នៅក្នុងប្រទេសកម្ពុជា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ គណៈប្រតិភូឧស្សាហកម្មកូរ៉េខាងត្បូង ដឹកនាំដោយលោក Oh Myung ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ លោក Oh Myung បានគោរពជម្រាបជូនសម្តេចតេជោថា លោកធ្លាប់មកប្រទេសកម្ពុជាកាលពី១០ឆ្នាំមុន ហើយពេលនេះលោកបានមើលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោកក៏សង្កេតឃើញថា កម្ពុជាមានភាពអនុគ្រោះខ្លាំងណាស់សម្រាប់វិនិយោគពីកូរ៉េ ដោយក្នុងនោះគឺកម្ពុជា និងកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជា មិនមានគ្រោះមហន្តរាយ ដោយធម្មជាតិនោះទេ។ ប៉ុន្តែអ្វីដែលកម្ពុជានៅខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េ មិនទាន់មានការយល់ដឹងច្បាស់អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក Oh Myung ដែលបានវាយតម្លៃខ្ពស់ចំពោះស្ថានភាពប្រទេសកម្ពុជា។ សម្តេចបានថ្លែងថា ជាការពិតណាស់កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិដូចជារញ្ជួយផែនដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ។

សម្តេចបានបន្តថា អ្វីដែលលោក Oh Myung បានលើកឡើងគឺជាការពិត ដែលកម្ពុជាមានស្ថានភាពអំណោយផល។ សម្តេចបានស្នើសុំឱ្យ លោក Oh Myung និងប្រតិភូ ជួយផ្សព្វផ្សាយឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជា បន្ថែមលើកត្តាអំណោយផល។ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងដៃគូ ASEM។ កម្ពុជាអនុញ្ញាតឱ្យកូរ៉េមានសិទ្ធិជាម្ចាស់ក្រុមហ៊ុន១០០ភាគរយ ដោយមិនតម្រូវឱ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ កម្ពុជាក៏អនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ប្រើប្រាស់រូបិយបណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារដើម្បីបើកឱ្យកម្មករនិយោជិត ដោយមិនតម្រូវឱ្យធ្វើការប្តូរប្រាក់នៅធនាគារឡើយ។

សម្តេចបានបន្តទៀតថា ជាមួយគ្នានេះ កម្ពុជាក៏មានវត្ថុធាតុដើមដូចជា ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះ សម្តេចបានស្នើសុំឱ្យ លោក Oh Myung និងប្រតិភូ ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅកម្ពុជាផងដែរ៕