(ភ្នំពេញ)៖ លោក ឌិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំលាយ និងស្អិតរមួតថែមទៀត ជាមួយធុរជន ពាណិជ្ជករ និងវិនិយោគិនចិន ដើម្បីលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ព្រមទាំងជំរុញទាក់ទាញធុរកិច្ច និងវិនិយោគកាន់តែច្រើនថែមទៀតមកកម្ពុជា។

ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរៀបចំដោយសមាគមសម្ព័ន្ធខ្មែរ ចិន នៅកម្ពុជា នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា ក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាច្រើនដែលក្រុមយុវជនសមាគមសម្រេចបានទាំងក្នុងផ្នែកធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ មនុស្សធម៌ និងសង្គម។ សកម្មភាពដ៏រស់រវើកទាំងនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជឿនលឿនថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រី ឌិត ឌីណា បានឱ្យដឹងថា ផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ជាងនេះទៀត ការផ្តល់អំណោយ និងការផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជាមុនគ និងក្នុងបរិមាណជាច្រើនលានដូស ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ជោគជ័យ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការសម្រេចបានភាពស៊ាំក្នុងសហគមន៍នៅកម្ពុជា។

ជាមួយនឹងគោលនយោបាយបើកចំហរប្រទេសឡើងវិញ របស់រដ្ឋាភិបាលចិន, លោកជឿជាក់ថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរ និងការវិនិយោគកាន់តែច្រើនថែមទៀតពីប្រទេសចិន ដែលជាមិត្តដែកថែប និងដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជា។ តាមរយៈលោកទីប្រឹក្សា និងជាអគ្គកុងស៊ុលនៃស្ថានទូតចិន ដែលកំពុងមានវត្តមាននៅទីនេះស្រាប់ លោកសូមផ្តាំទៅដល់ប្រជាជន ភ្ញៀវទេសចរ និងអ្នកវិនិយោគចិនទាំងអស់ថា ប្រជាជនកម្ពុជា ត្រៀមទទួលស្វាគមន៍វត្តមានរបស់អ្នកទាំងអស់គ្នា ប្រកបដោយសុទ្ធចិត្ត ភាតរភាព និងគ្មានការរើសអើងនៅលើទឹកដីកម្ពុជា។

ថ្លែងនៅចំពោះមុខបណ្តាអ្នកវិនិយោគិនចិន, ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះធុរជន ពាណិជ្ជករ និងវិនិយោគិនចិនទាំងអស់ដែលមានបំណងចង់ធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម។ ក្រសួងបន្តគាំទ្រ និងជំរុញការនាំចេញផលិតផលកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដ៏ធំទូលាយ ដោយផ្ដោតលើផលិតផលគុណភាពខ្ពស់ និងផ្តល់តម្លៃខ្ពស់ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងប្រទេសទាំងពីរ។

លោកឧកញ៉ា លឹម តុង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យដែលបានផ្តល់ឱកាសការងារ និងជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើងជាលំដាប់។

លោកឧកញ៉ា លឹម តុង ឱ្យដឹងថា សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានបង្កើតក្រុមយុវជន ដើម្បីប្រមូលធនធានយុវជនខ្មែរសែស្រឡាយចិន ឱ្យរួបរួមគ្នាក្នុងស្មារតី សាមគ្គីភាព និងឯកភាពខ្ពស់ តាមរយៈសកម្មភាពមនុស្សធម៌ និងកម្មវិធីទំនាក់ទំនងពាណិជ្ជកម្មជាច្រើន ជាពិសេសទំនាក់ទំនងជាមួយដៃគូចិន បានរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គមជាតិ និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន កាន់តែរីកចម្រើនគួរឱ្យកោតសសើរ។

បើតាមលោកទីប្រឹក្សា LI JIE និងជាអគ្គកុងស៊ុលនៃស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣នេះ គឺជាឆ្នាំដែលពោរពេញដោយឱកាសល្អ និងក្តីសង្ឃឹមវាមិនមែនតែជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជា «ឆ្នាំនៃមិត្តភាពកម្ពុជា-ចិន» ផងដែរ។

លោកសង្ឃឹមថា ក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា នឹងរីកចម្រើនកាន់តែខ្លាំង ព្រមទាំងបំពេញបេសកកម្មចូលរួមចំណែកថ្មី ក្នុងការជំរុញទំនាក់ទំនង និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ព្រមទាំងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោកឧកញ៉ា ដួង តិច ប្រធានក្រុមយុវជនសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បានថ្លែងថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការចូលរួមជួយជ្រុមជ្រែង និងគាំទ្រពីប្រទេសចិននោះឡើយ។ កម្ពុជា-ចិន គឺជាមិត្តដែកថែប និងជាសហគមន៍ដែលមានជោគវាសនារួមគ្នា ទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍទៅដល់កម្រិតខ្ពស់។ ចាប់តាំងពីមានការីរាលដាលពីជំងឺកូវីដ១៩មក កម្ពុជា-ចិនបានរួមសុខទុក្ខ និងជួយគ្នាទៅវិញទៅមកដោយប្រើប្រាស់នូវសកម្មភាពជាក់ស្តែងដើម្បីបញ្ជាក់ពីមិត្តភាពដ៏រឹងមាំដែលមិនអាចកាត់ផ្តាច់បានរវាងប្រទេសទាំងពីរ។

លោកឧកញ៉ា ដួង តិច បានបន្តថា ឆ្នាំ២០២៣ គឺជាឆ្នាំដែលពោរពេញទៅដោយក្តីសង្ឃឹម, លោកសង្ឃឹមថា សមាជិក សមជិកានៃក្រុមយុវជនទាំងអស់ស្វះស្វែងចូលរួមក្នុងការងារក្រុមយុវជន ដើម្បីពង្រឹងសាមគ្គីភាព និងទំនាក់ទំនងក្រុមយុវជនឱ្យកាន់តែស្អិតរមួត ចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម និងសហគមន៍ចិន និងជំរុញដល់ការអភិវឌ្ឍប្រទេសជាតិ និងទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត៕