(សៀមរាប)៖ លោក សៀក សុជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយ ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងសូមបន្តចូលរួមរក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលរកបានដោយលំបាកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការអំពាវនាវបែបនេះ របស់លោក សៀក សុជាតិ បានធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៣ នៅឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ។
នាឱកាសនោះ លោកបានគូសបញ្ជាក់ប្រាប់ទៅសមាជិក សមាជិកាគណបក្សថា ទិវាជ័យជំម្នះ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយរបស់ដំណើរជាតិកម្ពុជាដែលគ្មានអំណាច ឬក៏ជនអគតិណាអាចបំភ្លៃអំពីប្រវត្តិសាស្ត្រនេះ បានឡើយ។ ទិវាជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើត របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ទាំងអ្នកនៅក្នុងប្រទេស និងអ្នកនៅក្រៅប្រទេសដែលបានគាំទ្រជ័យជម្នះថ្ងៃ៧មករា។ ទោះបីមានអ្នកមិនគាំទ្រប្រឆាំងថ្ងៃ៧ មករា មានន័យថាពួកគេជាអ្នកគាំទ្ររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបង្កនូវសោកនាដកម្មយ៉ាងធំធេងមកដល់ប្រជាជនកម្ពុជា។
លោក សៀក សុជាតិ បានលើកឡើងថា គ្មានប្រទេសណាអាចធ្វើការអភិវឌ្ឍបាននៅក្នុងប្រទេសដែលមានសង្គ្រាមបានឡើយ។
បន្ថែមពីនេះ លោកក៏បានអំពាវនាវសូមយុវជនដែលគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមរក្សាបរិយាកាសដើម្បីឱ្យការប្រព្រឹត្តទៅនាថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយសេរីយុត្តិធម៌ និងគ្មានអំពើហិង្សា, យើងទាំងអស់គ្នាត្រូវបោះឆ្នោតឱ្យសន្តិភាព បោះឆ្នោតឱ្យការអភិវឌ្ឍ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕