(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅ «អត្ថបទភាពយន្ដ» ដើម្បីរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ និងការចែករំលែកបទពិសោធន៍ ជាមូលដ្ឋានពាក់ព័ន្ធនឹងការតែងនិពន្ធអត្ថបទភាពយន្ត ជូនដល់សាធារណជន ផលិតករនានា។
ការដាក់សម្ពោធប្រើប្រាស់នេះ ធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងផលិតករ និងអ្នកចូលរួមជាច្រើនទៀត។
ការដាក់សម្ពោធសៀវភៅនេះ ដើម្បីជួយដល់សាធារណជន និងផលិតករនានា ដើម្បីជាចំណេះដឹងបន្ថែមទៀត ខណៈពេលដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា ឧស្សាហកម្មភាពយន្តកម្ពុជា មានការវិវត្តល្អប្រសើរ ទាំងកម្រិតគុណភាពបច្ចេកទេស ការសម្តែងក្រុមការងារប្រកបដោយវិជ្ជាជីវៈ កំណើន រោងភាពយន្តភាពយន្ត និងកំណើតនៃការផលិតទាំង សម្រាប់រោងភាពយន្ត និងទូរទស្សន៍។
ប៉ុន្តែបញ្ហាដែលជួបប្រទះ និងខ្វះខាត គឺធនធានមនុស្ស ផ្នែកតែងនិពន្ធអត្ថបទភាពយន្ត ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាល ក្នុងន័យនេះការបោះពុម្ពជាលើកទីមួយ នូវសៀវភៅអត្ថបទនិពន្ធភាពយន្ត ដកស្រង់ចេញពីស្នាដៃផលិតករភាពយន្តខ្នាតខ្លី ដែលបានដាក់សម្ពោធនាថ្ងៃនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ និងការចែករំលែកបទពិសោធន៍ ជាមូលដ្ឋានពាក់ព័ន្ធនឹងការតែងនិពន្ធអត្ថបទភាពយន្ត ជូនដល់សាធារណជន ផលិតករនានា រៀនសូត្រ ដកស្រង់បទពិសោធន៍ សម្រាប់ការតែងនិពន្ធស្នាដៃរបស់ខ្លួន ហើយនឹងក្លាយជាប្រយោជន៍សម្រាប់មិត្តអានទាំងអស់។
លោក ទិត្យ ថាវរិទ្ធ បានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងជំរុញគាំទ្រយ៉ាងសកម្ម របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ជាសេនាធិការ ក្នុងការបំពេញតួនាទីយ៉ាងសំខាន់ និងបានរួមចំណែក ក្នុងការកសាងធនធានមនុស្សក្នុងវិស័យភាពយន្តកម្ពុជា តាមរយៈបណ្តុះបណ្តាល ផ្នែកដឹកនាំរឿង បច្ចេកទេសផលិតភាពយន្ត ជំនាញថត ការអត្ថបទនិពន្ធ និងការសម្តែងកន្លងមក។
លោកបានបន្ដថា យោងតាមរបាយការណ៍របស់ក្រុមការងាររៀបចំឲ្យដឹងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅ អត្ថបទរឿងភាពយន្តដំបូងនេះ «រឿងរ៉ាវចេញពីបេះដូង» (Stories from the heart) ដែលបានចងក្រងឡើងយ៉ាងម៉ត់ចត់ដោយក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់ប្អូនៗយុវជន យុវផលិតករភាពយន្ត និងអ្នកនិពន្ធ ដែលបានសិក្សាក្នុងវគ្គបណ្តុះ បណ្តាលខ្លីកន្លងមក។
លោកបានបញ្ជាក់ទៀតថា សៀវភៅដំបូងនេះ មានអត្ថបទភាពយន្តចំនួន៣ចំណងជើង អត្ថបទទី១មានចំណងជើងថា ស្រូវ (Rice) និពន្ធដោយ កញ្ញា សុធា អ៊ីណេស ដែលទទួលបានជ័យលាភីពានរង្វាន់ទី១ នៅ Tropfest SEA ក្នុងឆ្នាំ២០១៤ អត្ថបទទី២ មានចំណងជើងថា កាំបិតពេជ្រ (A Fistful of Pebbles) និពន្ធដោយ លោក ចាប សំចាន់រិទ្ធ ដែលទទួលបានជ័យលាភីពានរង្វាន់ទី៣ នៅ Tropfest SEA ក្នុងឆ្នាំ២០១៥ អត្ថបទទី៣មានចំណងជើងថា ម្ពៃដុល្លារ (Twenty Dollars) និពន្ធដោយ លោក សាន វិសាល ដែលទទួលបានជ័យលាភីពាន រង្វាន់ទី១ មហោស្រពជាតិភាពយន្តខ្លីលើកទី១ ក្នុងឆ្នាំ២០១៦។
លោកបានបន្ដថា «ពិសេសជាងនេះទៅទៀតសៀវភៅ អត្ថបទភាពយន្តដំបូង» នេះ តូ្រវបានបោះពុម្ភទាំងភាសាខ្មែរ និងភាសាអង់គ្លេស រួមជាមួយនឹងរូបភាពនៃភាពយន្ត និងតំណភ្ជាប់ «Links» ទៅកាន់ភាពយន្ត ដើម្បីឲ្យអ្នកអានអាចមើលខ្សែភាពយន្ត និងពិនិត្យមើលពីរបៀបដែលអត្ថបទភាពយន្ត ត្រូវបានបន្លែងពី អត្ថបទភាពយន្តទៅវីដេអូភាពយន្ត»។
លោកបានបន្ថែមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាការបោះពុម្ភសៀវភៅអត្ថបទភាពយន្តដំបូងនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះជាឯកសារមួយ និងជាមូលដ្ឋានគ្រឹះមួយសម្រាប់ប្អូនៗ យុវជន យុវផលិតករភាពយន្ត សិក្សាស្វែងយល់ពីរបៀបសរសេរអត្ថបទភាពយន្តខ្លី រហូតដល់ អត្ថបទភាពយន្តវែង ដែលជាកូនសោក្នុងការបន្តអភិវឌ្ឍ យកទៅផលិតជាភាពយន្ត។
លោកបានបញ្ជាក់ថា «តាមរយៈសៀវភៅនេះ ជាការជួយជុំរុញ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជា ឲ្យកាន់តែមានការវិវត្តរីកចម្រើន និងបង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយទីផ្សារភាពយន្តក្នុងតំបន់។ ខ្ញុំជឿជាក់ថា សៀវភៅអត្ថបទភាពយន្តដំបូងនេះ នឹងទទួលបានការគាំទ្រ និងជោគជ័យត្រចេះត្រចង់ និងបន្តបោះពុម្ភសៀវភៅបន្ថែមទៀត ជាមាគ៌ាសំខាន់មួយ ក្នុងវិស័យភាពយន្តរបស់កម្ពុជា»។
សូមជម្រាបថា ការបោះពុម្ភសៀភៅនេះ អាចលេចចេញជារូបរាង ដោយសារការជួយឧបត្ថម្ភពីកញ្ញា តន់ ច័ន្ទសីមា តារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក្រោមគំនិតផ្តួចផ្តើមរបស់នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយលោក ឌិបផេនដ្រា ហ្គោច័ន្ទ ទីប្រឹក្សានាយកដ្ឋាន៕