(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនវិភាគទានថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពី៣លានដុល្លារ ដល់៦លានដុល្លារ ក្នុង១ឆ្នាំៗ ដោយអនុវត្តចាប់ពីឆ្នាំ២០១៦នេះតទៅ។ នេះបើយោងតាមរបាយការណ៍ របស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។។
លោក បេអាត រិចឆ្នឺរ បានបញ្ជាក់តាមរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ថា «កាកបាទក្រហមកម្ពុជា បានប្រាប់យើងថា ការកាត់បន្ថយ “មរណភាពមាតានិងទារក” នៅក្នុងប្រទេសកម្ពុជា គឺដោយសារមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។... ដោយហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានបង្កើនវិភាគទាន ដល់មន្ទីរពេទ្យគន្ធបុប្ផាពី ៣លានដុល្លារអាមេរិកដល់ ៦លានដុល្លារអាមេរិក»។
ទោះជាយ៉ាងណា លោក រិចឆ្នឺរ បានសម្ដែងនូវការខកចិត្ត ចំពោះរដ្ឋាភិបាលស្វីសយ៉ាងខ្លាំង ដែលពុំបានបង្កើនថវិការបស់ខ្លួនបន្ថែមទៀត ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ពោលគឺរដ្ឋាភិបាលប្រទេសនេះ នៅតែរក្សានូវថវិកា៤លានដុល្លារ ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ក្នុង១ឆ្នាំដដែល ប៉ុន្តែមិនកើនឡើងប៉ុណ្ណោះ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយថ្ងៃចំណាយថវិកាជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយក្នុង១ឆ្នាំ ចំណាយថវិកាជាង ៤២លានដុល្លារ។ មន្ទីរពេទ្យគន្ធបុប្ផា មានបុគ្គលិកទាំងអស់ ២៥០០នាក់។ ក្នុងមួយថ្ងៃៗមានកុមារជាង ៣ពាន់នាក់ មករកសេវាព្យាបាលនៅមន្ទីរពេទ្យនេះ៕