(កំពង់ឆ្នាំង)៖ តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី និងលោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំត្បែងខ្ពស់, អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន វណ្ណារិទ្ធិ បានដឹកនាំក្រុមការងារ រួមទាំងកងកម្លាំងទាំងបីប្រភេទ កងកម្លាំងអន្តរាគមន៍កងពលតូចលេខ១ កម្លាំងប្រជាការពារ និងយុវជន ស.ស.យ.ក ចុះពិនិត្យមើលស្ថានភាពផ្ទះប្រជាពលរដ្ឋដែលលិចទឹកដោយសារជំនន់ទឹកភ្លៀង នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយបានជម្លៀសប្រជាពលរដ្ឋ ចំនួន ៩៣គ្រួសារ (៤៥២នាក់) មកនៅទីទួលមានសុវត្ថិភាព នៅក្នុងបរិវេណវត្តត្បែងខ្ពស់។
ក្រោយពីជម្លៀសប្រជាពលរដ្ឋ មកដល់ទីទួលមានសុវត្ថិភាពរួច នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ឈឹម សៅគី បានអំពាវនាវដល់ប្រជាពលរដ្ឋ ថែរក្សាសុខភាព ត្រូវពិសាទឹកស្អាត និងដាំឆ្អិន ដែលមិនបង្កឱ្យមានបញ្ហារាគរូសផ្សេងៗ ពិសេសឱ្យប្រុងប្រយ័ត្នចំពោះកូនក្មេងតូចៗ កុំឱ្យទៅលេងទឹក ក្រែងលង់ទឹកក្នុងប្រការណាមួយ។
ទន្ទឹមនឹងនោះ លោក ឈឹម សៅគី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជួបប្រទះនូវគ្រោះធម្មជាតិទឹកជំនន់លិចផ្ទះសម្បែង ខូចខាតទ្រព្យសម្បត្តិផ្សេងៗ នាដើមរដូវប្រាំងនេះ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងជម្លៀសពលរដ្ឋ មកនៅទីទួលមានសុវត្ថិភាព លោក ឈឹម សៅគី និងក្រុមការងារ បានចែកជូនស្បៀងអាហារផ្សេងៗដែលក្នុងមួយគ្រួសារនីមួយៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ក្រម៉ា និងថ្នាំពេទ្យ។ ក្នុងនោះតំណាងរាស្ត្រ និងអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់កងកម្លាំងអន្តរាគមន៍សង្គ្រោះ កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋផងដែរ៕