(ចិន)៖ អាជ្ញាធរចិន បានចេញសេចក្ដីជូនដំណឹង និងព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលរស់នៅតំបន់ភាគខាងត្បូង និងភាគខាងជើងនៃប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរលកកម្ដៅបានកើនឡើងជាថ្មីនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា។
យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ចាប់តាំងពីថ្ងៃរះ រហូតដល់ថ្ងៃលិច គឺតំបន់ភាគខាងត្បូង និងភាគខាងជើងនៃប្រទេស មានកម្ដៅចន្លោះ ៣៥ ទៅ៣៩អង្សាសេ ឬអាចកើនឡើងលើសពីនេះ។ ការជួនដំណឹងនេះ នៅមិនទាន់ឈានដល់កំណាក់កាលប្រកាសអាសន្ននោះទេ ព្រោះវាស្ថិតនៅក្នុងកម្រិត Yellow alert បើសិនជាស្ថិតនៅក្នុងកម្រិត Red alert ទើបប្រកាសអាសន្ន។
យោងតាមមជ្ឈមណ្ឌលជាតិឧតុនិយមចិន បានឲ្យដឹងថា ផ្នែកមួយចំនួននៃខេត្ត Guangdong, Jiangxi និង Fujian នៅព្រឹកថ្ងៃសៅរ៍នេះ កម្ដៅឡើងដល់ ៣៩អង្សាសេ ចំណែកឯនៅតាមបណ្ដាខេត្ត និងក្រុងមួយចំនួនផ្សេងទៀតដូចជា Anhui, Zhejiang, Tibet, Qinghai, Hainan និង Guizhou បែរជារងព្យុះភ្លៀងយ៉ាងខ្លាំងនៅព្រឹកថ្ងៃនេះ៕