(ភ្នំពេញ)៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ គឺជារយៈពេល ៣៨ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជា ជាតួនាទីទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនាជាតិ និងប្រជាជន។ សម្តេចតេជោ ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី ក្នុងវ័យប្រមាណ ៣២ឆ្នាំ ជារដ្ឋមន្ត្រីវ័យក្មេងជាងគេនៅលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមតំណែងជានាយករដ្ឋមន្ត្រី ក្នុងគ្រាដែលប្រទេសកម្ពុជា ត្រូវហ៊ុំព័ទ្ធដោយបញ្ហាស្មុគស្មាញជាច្រើនទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងបញ្ហាសង្គមផ្សេងៗ ទៀត។ ជាពិសេសវិបត្តិនៃភ្លើងសង្គ្រាម និងការបែកបាក់ជាតិ ដែលកើតមានក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មកនោះ។
តើរយៈពេល៣៨ឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផលបែបណាសម្រាប់ជាតិ និងប្រជាជនកម្ពុជា?
លោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ អ្នកប្រវត្តិសាស្ត្រមួយរូបនៅកម្ពុជា បានគូសរំលេចថា ចាប់តាំងពីក្រោយសម័យអង្គរ ជាពិសេសក្រោយសតវត្សរ៍ទី១៨ និង១៩មក កម្ពុជាតែងតែជួបនឹងភ្លើងសង្គ្រាម និងរងទុក្ខវេទនាមិនដែលដាច់នោះឡើយ។ ប្រជាពលរដ្ឋតែងតែរើកញ្ជើពីកន្លែងមួយទៅកន្លែងមួយ មិនដែលស្គាល់សុខសន្តិភាព ស្គាល់តែភ្លើងសង្គ្រាម និងការនិរាស្ត្រព្រាត់ប្រាស់។
អ្នកប្រវត្តិសាស្ត្ររបស់កម្ពុជា រូបនេះ បានគូសរំលេចទៀតថា ក្នុងសតវត្សរ៍ទី១៩ កម្ពុជា បានរងការឈ្លានពានសៀម និងយួន ហើយរហូតរស់នៅក្រោមអាណានិគមន៍បារាំង។ បន្ទាប់មកនៅឆ្នាំ១៩៧០ ក៏ត្រូវបានជួបភ្លើងសង្គ្រាម បន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់ លន់ នល់ អ៉ិន តាំ និងចេង ហេង។ ភ្លើងសង្គ្រាមទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរសរុបប្រមាណ ៣លាននាក់ ត្រូវបានស្លាប់យ៉ាងខ្លោចផ្សារបំផុត។
សម្រាប់លោក រស់ ចន្ទ្រាបុត្រ សង្គ្រាម ទុក្ខវេទនាដ៏ខ្លោចផ្សារនេះ គឺត្រូវបានបិទបញ្ចប់នៅពេលប្រទេសត្រូវបានរំដោះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជាពិសេសនោះក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានឡើងកាន់តួនាទីជានាយករដ្ឋមន្ត្រីកម្ពុជា នាឆ្នាំ១៩៨៥។
លោក រស់ ចន្ទ្រាបុត្រ បានគូសរំលេចថា លក្ខណៈពិសេសនៃការដឹកនាំរបស់សម្តេចតេជោ គឺមិនយកខ្មែរណាជាសត្រូវ។ ឈរលើទ្រឹស្តីឈ្នះ-ឈ្នះ ដែលទស្សនៈវិជ្ជានយោបាយ ឈ្នះទាំងអស់គ្នា អត់យកនរណាជាសត្រូវនេះហើយ ទើបធ្វើឱ្យខ្មែរមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។
«សម្តេចតេជោ ហ៊ុន សែន គឺជាកូនខ្មែរមួយរូប ដែលទៅស្វែងរកសន្តិភាពជូនកម្ពុជា។ នៅក្នុងសតវត្សរ៍ទី២០ និងទី២១នេះ យើងសួរថា តើនរណា បានផ្តល់សន្តិភាពមកដល់ប្រជាពលរដ្ឋខ្មែរ មកដល់កម្ពុជា? អ្នកដែលបានស្វែងរកសន្តិភាព សុខសប្បាយ សុភមង្គល ការរីកចម្រើនមកឱ្យកម្ពុជា រហូតដល់សព្វថ្ងៃនេះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។ នេះជាការបញ្ជាក់របស់លោក រស់ ចន្ទ្រាបុត្រ។
អ្នកប្រវត្តិសាស្ត្ររបស់កម្ពុជារូបនេះ បន្តថា «ដូច្នេះក្នុងរយៈពេល៣៨ឆ្នាំ ដែលលោកបានដឹកនាំប្រទេសកម្ពុជា លោកបានឱ្យកម្ពុជា ឱ្យប្រជាពលរដ្ឋខ្មែរយើងមានសុភមង្គល មានការរីកចម្រើន ឆ្លងផុតនូវអ្វីដែលជាវាលទាំង៣ គឺវាលសង្គ្រាម វាលជំងឺ និងវាលអត់បាយ។ ហើយលោកបាននាំយើងចូលក្នុងវាលសុភមង្គល វាលនៃការរីកចម្រើន និងវាលនៃការអភិវឌ្ឍ»។
លោក រស់ ចន្ទ្រាបុត្រ បានកត់សម្គាល់ផងដែរថា ក្នុងរយៈពេល៣៨ឆ្នាំ នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែរុញកំណើនសេដ្ឋកិច្ច និងសុខសុភមង្គលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសម្តេចបានលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិឱ្យមានការស្ញប់ស្ញែងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រផងដែរ។
សូមទស្សនាវីដេអូនៃការលើកឡើងពីគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ក្នុងរយៈពេល ៣៨ឆ្នាំមកនេះ៖