(ភ្នំពេញ)៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ចំនួន៨០អង្គ/រូប មានសមាសភាពជាព្រះមន្ត្រីសង្ឃ និងជាមន្ត្រីរាជការចម្រុះក្រសួងស្ថាប័ន និងខេត្ត បានប្តេជ្ញាចិត្ត យកចំណេះដឹងដែលខ្លួនទទួលបាន ទៅបម្រើជាតិមាតុភូមិ ដើម្បីរួមចំណែកអភិវឌ្ឍន៍ជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការប្តេជ្ញានេះ ធ្វើឡើងតាមរយៈលោក ស្រី សុភ័ក្ត្រ តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ក្នុងកម្មវិធីទទួលទានអាហារសាមគ្គីបញ្ចប់វគ្គសិក្សា របស់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

លោក ស្រី សុភ័ក្ត្រ បានបញ្ជាក់ថា «ក្នុងនាមកម្មសិក្សាការីទាំងអស់ សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឲ្យយើងខ្ញុំនូវរបស់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺសន្តិភាព និងការអភិវឌ្ឍ។ របស់ទាំងពីរនេះហើយ ដែលបានបង្កឱកាសឲ្យយើងខ្ញុំអាចអភិវឌ្ឍខ្លួនប្រកបដោយស្នាមញញឹម និងក្ដីសង្ឃឹម»។

តំណាងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ក៏បានសម្ដែងនូវការដឹងគុណ ជូនចំពោះសាលាភូមិន្ទរដ្ឋបាល ពិសេសលោក យក់ ប៊ុនណា នាយកសាលា នាយករងសាលា ថ្នាក់ដឹកនាំសាលាគ្រប់លំដាប់ថ្នាក់ សម្រាប់ការសម្របសម្រួលឲ្យគាត់ទាំងឡាយ ទទួលបាននូវការបណ្ដុះបណ្ដាលវគ្គដ៏មានសារៈសំខាន់មួយនេះ ថែមទាំងអរគុណលោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកទ្រឹស្ដី បទពិសោធន៍ តាមរយៈការបង្រៀន ក៏ដូចជាអរគុណចំពោះអ្នកគ្រូសម្របសម្រួល និងលោកគ្រូជំនួយ ដែលជានិច្ចកាលតែងនៅសម្របសម្រួលគ្រប់កិច្ចការជាមួយនឹងកម្មសិក្សាការី ដោយមិនប្រកាន់ពេលវេលា និងទីកន្លែង។

ក្នុងឱកាសនោះ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានកោតសរសើរកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា ទាំង៨០អង្គ/រូប ដែលបានប្រឹងប្រែងសិក្សាវគ្គនេះរហូតបានជោគជ័យ។

លោកលើកឡើងថា ការបណ្តុះបណ្តាលមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ គឺឈរលើគោលដៅជាសារវន្តនៃកំណទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់នអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៉ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃកម្ពុជា។

សូមជម្រាបថា កម្មសិក្សាការី ក៏បានឧបត្ថម្ភកុំព្យូទ័រយួរដៃ ៥គ្រឿង ជូនសាលាភូមិន្ទរដ្ឋបាលផងដែរ៕