(អាមេរិក)៖ ទីក្រុងខ្មែរ (Cambodia Town) នៅរដ្ឋចចា សហរដ្ឋអាមេរិក នឹងត្រូវបានទទួលស្គាល់ជាផ្លូវការដោយសភារដ្ឋចចា សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីពលរដ្ឋខ្មែររួមគ្នាផ្តួចផ្តើមបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំមុន។
នៅរដ្ឋចចាដែលបង្កើតទីក្រុងខ្មែរមួយនេះ មានប្រជាពលរដ្ឋខ្មែរដែលជាអនិកជនជាង ១ម៉ឺននាក់ រស់នៅ ក្នុងនោះមានការកសាងវត្ត ការបង្កើតសមាគមខ្មែរ និងមានហាងលក់ទំនិញ របស់ពលរដ្ឋខ្មែរជាច្រើនផងដែរ។ ប្រជាពលរដ្ឋខ្មែរនៅទីក្រុងថ្មីនេះ ក៏នឹងបង្កើតក្បួនព្យុហយាត្រា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីអបអរសាទរដល់ការបង្កើតទីក្រុងខ្មែរជាផ្លូវការផងដែរ។
តាមរយៈវីដេអូ ដែលបង្ហោះនៅលើគេហទំព័រ Cambodia Town លោក ណេម ឈឿង (Nem Chhoeung) ប្រធាននិងជាស្ថាបនិកទីក្រុងនេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានទៅរស់នៅរដ្ឋចចា តាំងពីឆ្នាំ១៩៧៥-១៩៨០មកម្ល៉េះ ហើយបានបង្កើតសមិទ្ធផលជាច្រើន ដោយខ្លួនឯង។ ដូច្នេះនៅថ្ងៃនៃការទទួលស្គាល់នោះ ប្រជាពលរដ្ឋខ្មែរនឹង បង្កើតក្បួនព្យុហយាត្រា ដើម្បីបង្ហាញអំពីវប្បធម៌ខ្មែរផង ទទួលស្គាល់ស្នាដៃខ្មែរនៅរដ្ឋនេះផង និងដើម្បីដឹងគុណដល់ចាស់ទុំដែលមករស់នៅក្នុងរដ្ឋនោះផង។
លោក អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅក្នុងរដ្ឋនោះចូលរួមឱ្យបានគ្រប់ៗគ្នា៕