(ស្កុតឡេន)៖ រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡេន បានប្រកាសថាការបោះឆ្នោត ទាមទារឯករាជ្យ ពីចក្រភពអង់គ្លេសជាថ្មី នឹងអាចកើតមានឡើងនាពេលឆាប់ៗខាងមុខ បន្ទាប់ពីចក្រភពដ៏មាន ឥទ្ធិពលមួយនេះ បានសម្រេចចិត្តចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយមុននេះ បន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦។
លោកស្រីរដ្ឋមន្ត្រី Nicola Sturgeon បានថ្លែងថា «វាជាដំណើរការប្រជាធិបតេយ្យ ដែលមិនអាច ទទួលយកបាននោះឡើយ ដែលប្រទេសស្កុតឡេន ត្រូវបង្ខំឲ្យចាកចេញពីសហភាពអឺរ៉ុបដោយ ប្រឆាំងទៅនឹងឆន្ទៈដែលខ្លួនមាននោះ។ រដ្ឋាភិបាលស្កុតឡេន នឹងរៀបចំដំណើរការតាមផ្លូវច្បាប់ ដើម្បី ធ្វើការបោះឆ្នោតទាមទារឯករាជ្យម្តងទៀតពីចក្រភពអង់គ្លេស»។
គួរបញ្ជាក់ថា ប្រទេសស្កុតឡេន ធ្លាប់ធ្វើការបោះឆ្នោតធ្វើប្រជាមតិម្តងរួចមកហើយកាលពីឆ្នាំ ២០១៤ ដើម្បីចង់ដឹងថា តើប្រជាជនខ្លួនចង់ចាកចេញ ឬក៏នៅបន្តជាមួយចក្រភពអង់គ្លេស ប៉ុន្តែលទ្ធផលកាល ណោះ គឺប្រជាជនភាគច្រើនមិនចង់បានឯករាជ្យនោះឡើយ។ ដោយឡែកលើកនេះ ប្រសិនបើមានការ បោះឆ្នោតទាមទារឯករាជ្យម្តងទៀត អ្នកវិភាគនានាជឿជាក់ថា អ្វីៗអាចនឹងមានការផ្លាស់ប្តូរ៕