(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសារធារណរដ្ឋតួកគី។
ជំនួបនេះធ្វើឡើង នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាឱកាសលោក វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលមានរយៈពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ និងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រដ្ឋាភិបាលតួកគី ដែលតែងតែជួយលើការងារមនុស្សធម៌ និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសតួកគី លើមុខជំនាញផ្សេងៗ។ លោកសង្ឈឹមថា តួកគីនឹងបន្តកិច្ចសហប្រតិបត្តិការ លើការងារមនុស្សធម៌ ការផ្តល់អាហារូបករណ៍ និងការជួយគាំទ្រលើវិស័យផ្សេងៗ ដល់កម្ពុជានាពេលអនាគត។
ជាការឆ្លើយតប លោក វ៉ាហ៊ីត គីរីស៊ី បានគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរ ដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមចំណែកការងារជាមួយរដ្ឋាភិបាល និងលើកទឹកចិត្តដល់ថ្នាក់ដឹកឥស្លាមខិតខំប្រឹងប្រែងធ្វើការងារបន្តទៀតជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្តថា តួកគី-កម្ពុជា មានកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងវិស័យពាណិជ្ជកម្ម វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា តួកគីនឹងជំរុញអ្នកវិនិយោគឲ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងជំរុញឲ្យមានជើងហោះហើរត្រង់ ពីប្រទេសតួកគី មកកាន់កម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹម១១ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគី សម្រេចបានប្រមាណ ១៣៦លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
ទំនិញនាំចេញសក្តានុពលពីកម្ពុជា ទៅតួកគី មានដូចជា សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា មានដូចជា វាយនភ័ណ្ឌ សម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងបរិធានអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕