(ភ្នំពេញ)៖ ក្រុមជក់គ្រឿងញៀនយ៉ាងអនាធិបតេយ្យចំនួន១០នាក់ នៅប្លុកតាន់ប៉ា សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានការភ័យខ្លាចនោះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាប និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។
ប្រតិបត្តិការចាប់ខ្លួនក្រុមជក់គ្រឿងញៀនទាំងនេះ ក្រោយពីប្រជាពលរដ្ឋ បានរាយការណ៍ជូនសមត្ថកិច្ច លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ទើបលោកអធិការ ដឹកនាំចុះបង្រ្កាបក្រុមក្មេងស្ទាវទាំងអស់នោះជាក់ស្ដែងតែម្តង ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថា មានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក ពពាក់ពពូននិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃខាងលើនេះ លោកអធិការ បានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាបទីតាំងខាងលើនេះជាក់ស្តែង ជាលទ្ធផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១០នាក់ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ ។
ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់ ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅសាលាខណ្ឌដូនពេញ ដើម្បីចាត់ការបន្តទៀត៕