(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ឲ្យដឹងថា នៅសប្តាហ៍ ក្រោយនេះ ប៉ុល ហំម នឹងដឹកនាំ ប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន៤រូប ទៅជួបលោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ នៅប្រទេសហ្វីលីពីន។
លោក អ៊ូ ច័ន្ទឫទ្ធិ បានបញ្ជាក់ឲ្យដឹងបែបនេះ ខណៈលោកបានធ្វើសេចក្តីប្រកាសព័ត៌មានស្ដីអំពី «ការវិវត្ដន៍ នៃស្ថានភាពនយោបាយ» នៅវេលាម៉ោង១០៖០០ព្រឹក ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្ដាលរបស់គណបក្ស។
លោក ប៉ុល ហំម នឹងដឹកនាំប្រតិភូជាន់ខ្ពស់ចំនួន៤រូប ទៅជួបលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាក់ច្បាប់ នៅប្រទេសហ្វីលីពីន គឺមិនមានវត្តមានរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិឡើយ ខណៈដែលរូបលោក កឹម សុខា កំពុងមានបញ្ហាជាមួយផ្លូវច្បាប់។
គួរបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេសជាថ្មីម្តងទៀត ក្រោយពីមានដីកាតាមចាប់ខ្លួន របស់លោក លើពាក្យបណ្តឹងមួយចំនួន។ នេះគឺជាការនិរទេសខ្លួនម្តងទៀត របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក្រោយពីវិលត្រឡប់ចូលប្រទេសកម្ពុជា កាលពីអំឡុង ឆ្នាំ២០១៣កន្លងមកនេះ៕